អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន៖ សហគ្រាសកម្ពុជាត្រូវមាន “បដិវត្តន៍ផ្នត់គំនិត”ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ

ចែករំលែក

ដោយៈ សហសេវិក

ភ្នំពេញៈ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងថា សហគ្រាសកម្ពុជាចាំបាច់ត្រូវមាន “បដិវត្តន៍ផ្នត់គំនិត” យ៉ាងជ្រៅជ្រះ ដើម្បីអាចរស់រាន និងរីកចម្រើននៅក្នុងទីផ្សារ ដែលកាន់តែមានការប្រកួតប្រជែង។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានមានប្រសាសន៍ថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនគួរផ្តោតតែទៅលើការស្នើសុំឱ្យរដ្ឋាភិបាលកែប្រែ ឬពង្រឹងគោលនយោបាយគាំទ្រSME នោះទេ ប៉ុន្តែម្ចាស់សហគ្រាសខ្លួនឯង ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតផងដែរ។

អ្នកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា “យើងជាម្ចាស់សហគ្រាស SME តែងសំណូមពរឱ្យរដ្ឋយើងគួរកែប្រែ គោលនយោបាយគាំទ្រ SME បែបនេះ បែបនោះ តែយើងជាម្ចាស់សហគ្រាសSME គួរតែផ្លាស់ប្តូរផ្នត់គំនិតដូចគ្នា”។

អ្នកឧកញ៉ាបានបញ្ជាក់ថា ដើម្បីអាចរស់រាន និងរីកចម្រើនក្នុងទីផ្សារដែលកាន់តែមានការប្រកួតប្រជែង សហគ្រាសកម្ពុជាចាំបាច់ត្រូវធ្វើ “បដិវត្តន៍ផ្នត់គំនិត” យ៉ាងជ្រៅជ្រះ ខណៈការប្រកួតប្រជែងនាពេលអនាគតនឹងលែងផ្អែកត្រឹមតែទៅលើតម្លៃទាប ប៉ុន្តែជាការប្រកួតប្រជែងលើគុណតម្លៃ ការជឿទុកចិត្ត និងប្រសិទ្ធភាពរួមបញ្ចូលគ្នា។

 

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងពីផ្នត់គំនិតសំខាន់ៗចំនួន៥ដែលសហគ្រាសកម្ពុជាគួរផ្លាស់ប្តូរ រួមមានទី១ពី “ការប្រកួតប្រជែងតម្លៃទាប” ទៅ “ការប្រកួតប្រជែងលើគុណតម្លៃ”។ សហគ្រាស លែងគួរពឹងផ្អែកតែលើកម្លាំងពលកម្មថោក និងថ្លៃដើមទាបទៀតហើយ ប៉ុន្តែត្រូវកសាងសមត្ថភាពប្រកួតប្រជែងស្នូល លើគុណភាព ផលិតភាព និងការច្នៃប្រឌិត។

ការផ្លាស់ប្តូរនេះមានន័យថា ត្រូវផ្លាស់ពី “ការផលិត”ទៅ “ការផលិតប្រកបដោយគុណភាព” ប្រើប្រាស់អត្តសញ្ញាណខ្មែរក្នុងការបង្កើតម៉ាកយីហោដែលមានតម្លៃខ្ពស់ ដូចជាផលិតផលកសិកម្មគុណភាពខ្ពស់ និងចាត់ទុកការអនុលោម តាមច្បាប់ជាការវិនិយោគ ដើម្បីទទួលបានការទុកចិត្ត។

ទី២ ផ្លាស់ប្តូរពី “ការធ្វើត្រាប់តាម”ទៅ “ការច្នៃប្រឌិតសកម្ម”។ សហគ្រាសគួរចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាឧបករណ៍សម្រាប់រស់រាន ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញសកល។

ជាមួយគ្នានេះ សហគ្រាសត្រូវលែងធ្វើត្រាប់តាម ម៉ាកអន្តរជាតិ ប៉ុន្តែត្រូវមានទំនុកចិត្ត ក្នុងការបង្កើតអត្តសញ្ញាណ និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ម៉ាក ព្រមទាំងស្វែងយល់ និងអនុវត្តបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការច្នៃប្រឌិតផលិតផល និងសេវាកម្ម។

ទី៣ ផ្លាស់ប្តូរពី “ការស្វែងរកប្រាក់ចំណេញរយៈពេលខ្លី”ទៅ “ទស្សនៈរយៈពេលវែង”។ សហគ្រាសគួរចាត់ទុកម៉ាកយីហោជាទ្រព្យសម្បត្តិ នៃភាពជឿទុកចិត្តរយៈពេលវែង និងកសាងភាពជឿទុកចិត្តតាមរយៈគុណភាព និងស្ថិរភាព។

ការគ្រប់គ្រងតាមបទដ្ឋាន គួរត្រូវបានចាត់ទុកជាការវិនិយោគសម្រាប់អនាគត មិនមែនជាបន្ទុក ហើយសហគ្រាសគួរយកប្រាក់ចំណេញទៅវិនិយោគឡើងវិញ លើការស្រាវជ្រាវ ការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។

ទី៤ ផ្លាស់ប្តូរពី “ការធ្វើដំណើរតែម្នាក់ឯង” ទៅ “ការសហការឈ្នះ-ឈ្នះ”។ សហគ្រាសគួរពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់ និងដៃគូ ដើម្បីបង្កើតខ្សែសង្វាក់តម្លៃរឹងមាំ និងកាត់បន្ថយហានិភ័យ។

ជាមួយគ្នានេះ ត្រូវលែងប្រកាន់ “ឯករាជ្យផ្តាច់ក្រ” ប៉ុន្តែត្រូវចែករំលែកធនធាន ដូចជាប្រព័ន្ធដឹកជញ្ជូនរួមគ្នា ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព។

ទី៥ ផ្លាស់ប្តូរពី “ការកំណត់ត្រឹមមូលដ្ឋាន” ទៅ “ទស្សនៈសកល” ។ សហគ្រាសគួរយកវប្បធម៌ ក្នុងស្រុកជាឫសគល់ ប៉ុន្តែប្រើស្តង់ដារអន្តរជាតិ ដោយមានទំនុកចិត្ត ក្នុងការប្រកួតប្រជែងនៅលើឆាកថ្នាក់តំបន់ និងពិភពលោក។

លើសពីនេះ សហគ្រាសត្រូវចូលរួមយ៉ាងសកម្ម ក្នុងការរៀបរាប់រឿងរ៉ាវសេដ្ឋកិច្ចជាតិ និងនាំផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបញ្ជាក់ថា ការផ្លាស់ប្តូរផ្នត់គំនិតនេះ គឺជាផ្លូវចាំបាច់សម្រាប់ការផ្លាស់ប្តូរ របស់សហគ្រាសកម្ពុជា និងសេដ្ឋកិច្ចជាតិទាំងមូល។

អ្នកឧកញ៉ាបានលើកឡើងថា ការធ្វើដំណើរពី “ការត្រូវបានគេស្គាល់” ទៅ “ការត្រូវបានគេជឿទុកចិត្ត” និងពី “ផលិតនៅកម្ពុជា” ទៅ “ម៉ាកយីហោកម្ពុជា” មិនត្រឹមតែជាគន្លឹះនៃការរស់រានរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការសម្រេច “ចក្ខុវិស័យឆ្នាំ២០៥០”របស់កម្ពុជាផងដែរ៕


ចែករំលែក