AIAI សន្យាចូលរួមជាមួយ​ក្រសួង​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍ថ្មី ចូលរួម​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ចាស់​ និង​ការ​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​

ចែករំលែក

ដោយៈ ម៉ាណា

        ភ្នំពេញៈ ក្រុមហ៊ុនAngkor International Airport Investment (AIAI)បានប្តេជ្ញាចូលរួមជាមួយ ក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី គឺគម្រោងការទស្សនាប្រាសាទនាពេលរាត្រី។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតដល់ លោកLu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ទទួលជួបពិភាក្សាការងារ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស និងការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប។

ក្នុងជំនួបនេះ លោកLu Wei បានជម្រាបជូនពីគោលបំណងនិងគម្រោងរបស់ក្រុមហ៊ុនចំនួន៣ រួមមាន៖

១. ការអភិវឌ្ឍផលិតផលទេសចរណ៍ទស្សនាអង្គរនាពេលរាត្រី

លោករដ្ឋមន្រ្តីបានគាំទ្រ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅតំបន់អង្គរ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ ពន្យាររយៈពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ។ ក្នុងនោះ រួមមានការរៀបចំសកម្មភាពទេសចរណ៍ពេលរាត្រី ការសម្តែងសិល្បៈ វប្បធម៌ កម្មវិធីពន្លឺ និងបច្ចេកវិទ្យាទំនើប ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិនានា ដែលអនុវត្តស្រប តាមគោលការណ៍អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព។

២. គម្រោងវិនិយោគ និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់

ក្រុមហ៊ុនគ្រោងអភិវឌ្ឈន៍ ព្រលានយន្តហោះនេះ ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ ដែលរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។

ចំពោះគម្រោងនេះ លោករដ្ឋមន្រ្តីហួត ហាក់ បានសម្តែងការគាំទ្រ និងស្នើភាគីក្រុមការងារសិក្សា និងរៀបចំផែនការលម្អិតប្រកប​ដោយចីរភាព និងបរិយាបន្ន។

៣. ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការនាំភ្ញៀវទេសចរមកកម្ពុជា

ភាគីទាំងពីរបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ ពិសេ​សទីផ្សារចិន តាមរយៈការសហការជាមួយក្រុមហ៊ុនទេសចរណ៍ និងដៃគូអន្តរជាតិ ក្នុងការបើកផ្លូវហោះហើរថ្មី បង្កើនប្រេកង់ជើងហោះហើរ រៀបចំយុទ្ធនាការផ្សព្វផ្សាយរួម និងទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់មកកម្ពុជា។

លើសពីនោះ លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុនAIAI ដែលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់នៅកម្ពុជា និងបានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ សម្របសម្រួលពង្រឹងការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ភាពប្រកួតប្រជែង របស់គោលដៅទេសចរណ៍កម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើន និងប្រកបដោយគុណភាព ស្របតាមទិសដៅនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

លោកហួត ហាក់បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងអាទិភាពនានា ឱ្យទទួលបានលទ្ធផលជាក់ស្តែង។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំងក្រុមការងារបច្ចេកទេសរបស់ក្រសួងទេសចរណ៍ ឱ្យសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងាររបស់ក្រុមហ៊ុន AIAI ដើម្បីសិក្សាលម្អិតលើគម្រោងនីមួយៗ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរៀបចំផែនការអនុវត្តជាជំហានៗ សំដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគទេសច​រណ៍ និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕


ចែករំលែក