ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាល និងវិស័យឯកជនបាននិងកំពុងដាក់ចេញវិធានការណ៍ជាបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជម្រុញកំណើនទេសចរំណ៍អន្តរជាតិ មកទស្សនាកម្ពុជាឡើងវិញ ដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏មានសារៈសំខាន់ ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងផ្នែកឯកជន សភាពាណិជ្ជកម្មកម្ពុជា សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “កិច្ចប្រជុំនេះមានសារៈសំខាន់ និងទាន់សភាពការណ៍ ជាពិសេសក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងការធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលរងឥទ្ធិពលពីកត្តាប្រឈមជាច្រើន រួមមានព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភាពតានតឹង និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យថ្លៃប្រេងឥន្ធនៈកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរអន្តរជាតិ”។
ស្ថិតក្នុងបរិបទប្រឈមខាងលើ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យឯកជន។ ជាមួយគ្នានេះ ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ។
អង្គប្រជុំ ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងភាគី រដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបាននូវលទ្ធផលការងារវិជ្ជមាន គួរជាទីកត់សម្គាល់ ដោយវិធានការចំនួន២២ សម្រេចបានពេញលេញទាំងអស់ ដោយវិធានការដែលយើងទើបសម្រេចបានចុងក្រោយ មានចំនួន២វិធានការ៖ (១) ការអភិវឌ្ឍតំបន់ភ្នំគូលែន ជាតំបន់ទេសចរណ៍ធម្មជាតិ (២) ការអភិវឌ្ឍខ្សែក្រវាត់បៃតង ដោយក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតង នៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ជាមួយគ្នានេះ អង្គប្រជុំ ក៏បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជន ដែលមានជាអាទិ៍៖ ការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ទីផ្សារគោលដៅ មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីកសាងម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ទៅក្រៅប្រទេស (Branding, marketing and promotion) ការតម្លើងកម្រិតព្រឹត្តិការណ៍ជាតិធំៗ ទៅកម្រិតអន្តរជាតិ និងការផ្សព្វផ្សាយឱ្យបានទូលទំលាយ ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក ឱ្យកាន់តែងាយស្រួលពីគោលដៅទេសចរណ៍១ទៅ១ទៀត។ ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍, ព្រមទាំងសំណូមពរផ្សេងៗទៀត។
ទន្ទឹមនេះ កិច្ចពិភាក្សា ក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យបានច្រើន ពីទីផ្សារគោលដៅសំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ និង ផ្នែកឯកជន។
ជាលទ្ធផល អង្គប្រជុំបានស្នើដាក់ចេញ នូវវិធានការចាំបាច់បន្ទាន់ និងវិធានការគន្លឹះជាក់លាក់ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម ដោយផ្តោតលើការស្តារកិត្តិនាម និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍ឱ្យកាន់តែសកម្ម ទាក់ទាញ និងនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ មករៀបចំនៅកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងជំរុញចលនាទេសចរណ៍ ក្នុងស្រុកឱ្យកាន់តែផុលផុស៕







