តម្លៃ​អាផាត​មុិន​នៅ​តាម​បណ្តោយ​ខ្សែ​រថភ្លើង​ Metro Line 1​ ក្នុង​ទីក្រុងហូជីមិញ ​ហក់​ឡើង​យ៉ាង​គំហុក​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អស់រយៈពេលជិតពីរឆ្នាំ បន្ទាប់ពីខ្សែរថភ្លើង Metro Line 1 នៅក្នុងទីក្រុងហូជីមិញ បានចាប់ផ្តើមប្រតិបត្តិការ តម្លៃអាផាតមុិននៅតាមបណ្តោយផ្លូវនេះបានកើនឡើងយ៉ាងខ្លាំង។

នៅពេលគម្រោងរថភ្លើងខាងលើកំពុងស្ថិតក្នុងការសាងសង់ចន្លោះឆ្នាំ២០១៨-២០១៩ អាផាតមុិននៅតាមបណ្តោយខ្សែរថភ្លើងត្រូវបានដាក់លក់ក្នុងតម្លៃ ៣៥លានដុងទៅ៦០ លានដុងក្នុងមួយម៉ែត្រការ៉េ ដោយសារអ្នកទិញជាច្រើនមិនប្រាកដអំពីពេលវេលានៃការបញ្ចប់គម្រោងនេះ។

ប៉ុន្តែ ចាប់តាំងពីខ្សែរថភ្លើងនេះបានបើកដំណើរការនៅចុងឆ្នាំ២០២៤ ភាពប្រសើរឡើងនៃការដឹកជញ្ជូនបានជួយជំរុញតម្រូវការ និងតម្លៃអចលនទ្រព្យ។

តម្លៃអាផាតមុិននៅសង្កាត់ Thao Dien និងសង្កាត់ An Phu នៅតាមបណ្តាយខ្សែរថភ្លើង បានកើនឡើងយ៉ាងលឿន។ ការផ្គត់ផ្គង់ដីធ្លីមានកម្រិត និងសហគមន៍សម្បូរជនបរទេស បានជំរុញឱ្យតម្លៃអាផាតមុិនហក់ឡើងដល់៩០ទៅ២៥០លានដុងក្នុងមួយម៉ែត្រការ៉េ។

នៅជុំវិញស្ថានីយ៍ Binh Thai និង Thu Duc តម្លៃអាផាតមុិនជាមធ្យមបានកើនឡើងដល់៧០ទៅ១០០លានដុងក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអាផាតមុិននៅតំបន់ Suoi Tien និង Long Binh បានកើនឡើងដល់៦០ទៅ៩០ លានដុងក្នុងមួយម៉ែត្រការ៉េ។

ក្រុមអ្នកជំនាញលើកឡើងថា រថភ្លើងក្រោមដីបានជួយជំរុញតម្រូវការ ប៉ុន្តែការដឹកជញ្ជូនតែមួយមុខមិនអាចកំណត់តម្លៃផ្ទះបានទេ។ តំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលផ្សារទំនើប និងសហគមន៍លំនៅឋានរឹងមាំ សម្រេចបានកំណើនតម្លៃអាផាតមុិនខ្ពស់បំផុត៕


ចែករំលែក