កម្ពុជា ​និង​ឡាវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍ ​និង​ការ​អនុវត្តយុទ្ធនាការ​ “ប្រទេស៣​គោល​ដៅ​មួយ”

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោកឯក​អគ្គរដ្ឋទូតដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែគាំទ្រកម្ពុជាក្នុងអភិវឌ្ឍជាតិ សេដ្ឋកិច្ច និងសង្គម ក្រោមស្មារតីសាមគ្គីភាព និងចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ដែលមានរយៈពេល៧០ឆ្នាំ គិតមកដល់ឆ្នាំ២០២៦នេះ។

លោកបញ្ជាក់ថា “ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ” ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកប​ដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់នូវភាពកក់ក្តៅ” និង “ទស្សនាកម្ពុជា នារដូវកាលបៃតង” ព្រមទាំងយុទ្ធនាការ “ប្រទេសបី គោលដៅមួយ” ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរអំពីការរីកចម្រើន និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។​

ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូត បានសំដែងនូវចំណាប់អារម្មណ៍ អំពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ គោលដៅទេសចរណ៍ ក្នុងប្រទេសកម្ពុជាដែលអាចឱ្យភ្ញៀវទេសចរឡាវ អាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជា ទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដោយចំណាយពេលធ្វើដំណើរតាមរថយន្តតែមួយថ្ងៃទេ។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកនូវសំណើពិនិត្យ លើការសម្រួលភាពងាយស្រួល ដល់ប្រជាជននៅខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ អាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ឬ ទៅលេងខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារ។ល។

លោករដ្ឋមន្ត្រី បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ការជំរុញទីផ្សារទេសចរណ៍អន្តរជាតិ (Plus-One) និងការអនុវត្តយុទ្ធនាការ “ប្រទេសបី គោលដៅមួយ” (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ ព្រមទាំងបានស្នើសុំលោកឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលអញ្ជើញលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ អាជ្ញាធរខេត្តជាប់ព្រំដែន ក្រុមធុរកិច្ច ក្រុមវិនិយោគ ភ្នាក់ងារទេសចរណ៍ និងវិស័យឯកជនឡាវ មកចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដែលគ្រោងរៀបចំដោយក្រសួងទេសចរណ៍នាដើមខែកញ្ញាខាងមុខ នៅខេត្តស្ទឹងត្រែង​៕


ចែករំលែក