ដោយ វុត្ថា
ភ្នំពេញៈ កិច្ចសន្យាជួលផ្ទះជាឯកសារផ្លូវការមួយ ដែលកំណត់អត្តសញ្ញាណម្ចាស់ផ្ទះ (ភតិបតី) អ្នកជួល (ភតិកៈ) និងអចលនទ្រព្យជួលនោះ។ ឯកសារនេះបញ្ជាក់ពីរយៈពេលជួលថ្លៃជួល និងលក្ខខណ្ឌលម្អិត នៃកិច្ចសន្យាជួល។
នៅក្នុងកិច្ចសន្យាជួលផ្ទះ ម្ចាស់ផ្ទះជួលយល់ព្រមអនុញ្ញាតឱ្យអ្នកជួលប្រើប្រាស់ផ្ទះ និងទទួលបានប្រាក់ចំណេញពីផ្ទះជួល ហើយអ្នកជួលផ្ទះយល់ព្រមបង់ថ្លៃជួលផ្ទះ។ អ្នកជួលផ្ទះនានា ត្រូវបានការពារយ៉ាងពិសេសដោយច្បាប់ស្តីពី ការការពារកិច្ចសន្យាជួលផ្ទះ។
រយៈពេលនៃកិច្ចសន្យាជួលផ្ទះ ត្រូវមានយ៉ាងតិច២ឆ្នាំ។ ពាក់ព័ន្ធនឹងកិច្ចសន្យាជួល ដែលរយៈពេលជួលផ្ទះមិនបានកំណត់ ឬបានកំណត់រយៈពេលតិចជាង២ឆ្នាំនោះ រយៈពេលនៃកិច្ចសន្យាជួលបែបនេះ ត្រូវចាត់ទុកថាមានរយៈពេលយ៉ាងតិច២ឆ្នាំ ដរាបណាអ្នកជួលផ្ទះត្រូវការ។
ក្នុងករណីដែលកិច្ចសន្យាត្រូវបានបន្តធ្វើថ្មីឡើងវិញនោះ រយៈពេលនៃកិច្ចសន្យាជួលត្រូវមានរយៈពេល២ឆ្នាំ ហើយអ្នកជួលផ្ទះអាចជូនដំណឹងដល់ម្ចាស់ផ្ទះជួល នៅពេលណាមួយអំពីការបញ្ចប់កិច្ចសន្យានេះ។
តើអ្នកណាគួរតែធ្វើកិច្ចសន្យាជួល?
នៅពេលម្ចាស់ផ្ទះទទួលបានអ្នកជួល ម្ចាស់ផ្ទះត្រូវរៀបចំកិច្ចសន្យាជាលក្ខណៈលាយលក្ខណ៍អក្សរ ហើយត្រូវតែជាកិច្ចសន្យាស្របច្បាប់ គឺចាំបាច់ត្រូវធ្វើឡើងទាំងស្រុងដោយម្ចាស់ផ្ទះ និងអ្នកជួលដើម្បីឱ្យភាគីទាំង ពីរយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។
កិច្ចសន្យានេះ ក៏បញ្ជាក់ផងដែរថាអ្នកជួលមានសិទ្ធិរស់នៅ លើអចលនទ្រព្យជាបណ្ដោះអាសន្ន ជាថ្នូរនឹងការបង់ថ្លៃជួលឱ្យម្ចាស់កម្មសិទ្ធិ។ ជាពិសេស ភាគីទាំងពីរត្រូវតែច្បាប់ចម្លង កិច្ចសន្យានេះដើម្បីប្រើប្រាស់នៅពេលមានការសង្ស័យ ឬបញ្ហាអ្វីមួយកើតឡើង។
នៅក្នុងកិច្ចសន្យានេះភាគីទាំងពីរ អាចបង្កើតនូវខសន្យាដើម្បីការពារខ្លួន ប្រសិនបើស្ថានភាពណាមួយត្រូវផ្លាស់ប្តូរ ដែលនេះមានសារៈសំខាន់សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួល ហើយខសន្យាទាំងនេះក៏អាច ជាដំណោះស្រាយល្អមួយប្រសិនបើកាលៈទេសៈណាមួយមិនល្អបានកើតឡើង៕