ដោយ គង់ សូរិយា
ភ្នំពេញ៖ ទឹកធ្លាក់និងទឹកជ្រោះដ៏ស្រស់ស្អាតចំនួនពីរទៀត ត្រូវបានរកឃើញនៅលើឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ដែលសណ្ឋានទឹកហូរមួយកន្លែងមានភាពស្រដៀងគ្នានឹងទឹកឈូនៅខេត្តកំពត និងមួយកន្លែងទៀតមានទឹកធ្លាក់់កំពស់ប្រហែល២ម៉ែត្រ។
នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia ដែលកំពុងវិនិយោគនៅរមណីយដ្ឋានគិរីរម្យបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ ឧសភានេះថា ទឹកជ្រោះទាំងពីរ ទើបបានរកឃើញកាលពីពេលថ្មីៗនេះ ដោយទឹកជ្រោះទី១ មានចម្ងាយប្រមាណ៥គីឡូម៉ែត្រពី vKirirom Pine Resort ដែលបច្ចុប្បន្នគេអាចធ្វើដំណើរទៅកំសាន្តបាន។
-->
ចំណែកទឹកធ្លាក់កណ្តាលព្រៃជ្រៅមួយកន្លែងទៀត មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ជាទីតាំងដែលពិបាកធ្វើដំណើរទៅដល់ ហើយមានតែអ្នកដើរព្រៃនៅតំបន់នេះ ទើបស្គាល់ផ្លូវធ្វើដំណើរទៅកាន់ទីកន្លែងដ៏ស្រស់ស្អាតនេះ។
លោលហ៊ិន សុជាតិបានមានប្រសាសន៍បន្តថា បច្ចុប្បន្នក្រុមហ៊ុន A2A Town Cambodia កំពុងឈូសផ្លូវទៅកាន់ទឹកធ្លាក់ទី១ និងនាពេលខាងមុខនេះ ក្រុមហ៊ុននឹងឈូសផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ទី២ផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
រមណីយដ្ឋានគិរីរម្យ ដែលស្ថិតក្នុងឧទ្យានជាតិព្រះកុសុមៈ ជារមណីយដ្ឋានដ៏ស្រស់ស្អាតជាងគេមួយនៅកម្ពុជា ដោយសារមានចម្ការស្រល់ដ៏ស្រស់ស្អាត មានអាកាសធាតុត្រជាក់ និងមានទឹកធ្លាក់ជាច្រើនកន្លែង ដែលគួរឲ្យគយគន់និងចង់ទៅទស្សនា៕




