កម្ពុជា​ចុះហត្ថលេខា​បង្កើន​វិស័យ​ទេសចរណ៍​ជាមួយ​ខេត្ត​ជា​លី​នរ​បស់​ចិន​

0

ដោយ ​វុត្ថា​

កោះ​កុងៈ​ ខេត្តកោះកុង​ដែល​ជា​ខេត្ត​មាត់សមុទ្រ​ និង​ជាប់​ព្រំដែន​ថៃ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ រវាង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ ជាមួយ​មន្ទីរ​វប្បធម៌​ និង​ ទេសចរណ៍​ ខេត្ត​ជា​លីន​ ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ធនធានមនុស្ស​ លើ​វិស័យ​ទេសចរណ៍​ឱ្យ​រីកចម្រើន​ ក្នុង​គោលដៅ​ផ្លាស់​ប្តូរ​មុខមាត់​ខេត្តកោះកុង​ ឱ្យ​ក្លាយទៅជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។

អភិបាលខេត្ត​កោះកុង​ លោកស្រី​មិថុនា​ ភូ​ថង​ បាន​ឲ្យដឹង​កិច្ចប្រជុំ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​អភិបាលខេត្ត​ជា​លីន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ខេត្តកោះកុង​ នៅ​តំបន់​តារា​សាគរ​ ស្ថិត​ក្នុង​ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ កន្លងមក​ខេត្តកោះកុង​ ទទួល​បាន​ក្រុមហ៊ុន​ជាច្រើន​ចូល​មក​ដាក់​ទុន​វិនិយោគ​ ហើយ​ខេត្ត​មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ពិតជា​មាន​សក្តា​នុ​ពល​អាច​បម្រើ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​។

លោកស្រី​បន្ត​ថា​ “ការបង្កើត​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហ​សប្រ​តិប​ត្តិ​ការ​រវាង​ខេត្ត​ជា​លី​ននៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ ខេត្តកោះកុង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឈាន​ដល់​ការ​ចងសម្ព័ន្ធ​មេត្រីភាព​ខេត្ត​ជា​បងប្អូន​ ។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេត្ត​ទាំងពីរ​ ដែល​នឹង​នាំមក​នូវ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​ ទេសចរណ៍​ ស្របតាម​គោលបំណង​របស់​ប្រទេស​ទាំងពីរ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បាន​ថ្លែង​កន្លងមក​នេះ​ថា​ ខេត្តកោះកុង​ជា​តំបន់​ ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ទៅជា​តំបន់ឧស្សាហកម្ម​ ដោយសារតែ​កត្តា​ភូមិសាស្ត្រ​អំណោយផល​ខ្លួនឯង​ផ្ទាល់​ ព្រំប្រទល់​ជាប់​ខេត្ត​ព្រះសីហនុ​ ជាពិសេស​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ ដែល​ជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការ​នាំ​ទំនិញ​ចេញចូល​ផង​ដែរ​។ បច្ចុប្បន្ន​មាន​មាន​វិនិយោគិន​ទាំង​ជាតិ​ និង​អន្តរជាតិ​បាន​ចំណាយ​លុយរាប់​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​គម្រោង​អភិ​វឌ្ឍ​ធំៗ​នៅ​ខេត្ត​នេះ​ផង​ដែរ​។

សម្តេច​បន្ត​ថា​ គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​ប្រែក្លាយ​ខេត្ត​ កោះកុង​ជា​តំបន់​អភិវឌ្ឍ​ជាបន្តបន្ទាប់​ ជាក់ស្តែង​ដូចជា​គម្រោង​ទីក្រុង​វិស្សមកាល​ ទេសចរណ៍​តារា​សាគរ​នេះ​ជាដើម​ ដែល​បាន​ប្រមូល​ផ្តុំ​ចំរុះ​ទៅ​ដោយ​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សណ្ឋាគារ​ផ្កាយ៥​ ខុន​ដូ​ បឹង​កាឡូ​ អគារ​ការិយាល័យ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ទីលាន​វាយកូនគោល​ និង​សួន​កំសាន្ត​ខ្នាត​អន្តរជាតិ​ជាដើម​។ គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​នៅ​ខេត្តកោះកុង​ដ៏​ធំ​បែបនេះ​ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​ថែមទៀត​មកកាន់​កម្ពុជា​។

ខេត្តកោះកុង​កំពុង​ប្រែក្លាយ​ខ្លួន​ ជា​តំបន់​អភិវឌ្ឍ​មួយ​កាន់តែ​មាន​សក្តា​នុ​ពល​ តាមរយៈ​គម្រោង​អភិវឌ្ឍ​នានា​។ ជាមួយគ្នា​នោះ​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​ច្រកព្រំដែន​កម្ពុជា​-ថៃ​ បាន​ធ្វើអោយ​លំហូរ​ទេសចរណ៍​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ជាពិសេស​បាន​ប្រែក្លាយ​តំបន់​ព្រំដែន​ ទៅជា​តំបន់​ដែល​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជានិច្ច​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​។ បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​ កំពុង​តភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​នេះ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here