ដោយ: សហសេវិក
អន្តរជាតិ: សម្ព័ន្ធក្រុមហ៊ុនមួយដឹកនាំដោយក្រុមហ៊ុន Vingroup បានទទួលដីទំហំ១១២ហិកតានៅភាគខាងជើងប្រទេសវៀតណាម ដើម្បីអភិវឌ្ឍគម្រោងទីក្រុងមួយ ដែលមានតម្លៃចំនួន៤១ទ្រីលានដុង (ប្រមាណ១,៥ពាន់លានដុល្លារអាមេរិក)។
តំបន់ទីក្រុងថ្មីភាគពាយ័ព្យ (Northwest New Urban Area) ដែលមានទីតាំងនៅខេត្តបាក់និញ ចម្ងាយ ៤០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងហាណូយ រួមមានផ្ទៃដី ៥០ ហិកតាដែលត្រូវបានអនុម័តសម្រាប់សាងសង់វីឡា ផ្ទះអាជីវកម្ម និងអគារអាផាតមុិន និងដីដែលនៅសល់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា កន្លែងលេងកីឡា ផ្លូវថ្នល់ និងទីធ្លាបៃតង។
ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់ប្រទេសវៀតណាម ត្រូវបានគ្រប់គ្រងដោយលោក Pham Nhat Vuong ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣៤,៥ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ ៦២ ទូទាំងពិភពលោក។
ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយរបស់តំបន់ភាគខាងជើង ខេត្តបាក់និញ ទទួលបានអត្ថប្រយោជន៍ពីទីតាំងរបស់ខ្លួននៅក្នុងតំបន់ត្រីកោណសេដ្ឋកិច្ចសំខាន់ហាណូយ-ហៃផុង-ក្វាងនិញ និងបម្រើជាច្រកទ្វារភាគឦសានទៅកាន់រដ្ឋធានី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាក់និញ គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការអភិវឌ្ឍខ្លាំងនៅទូទាំងផ្នែកអចលនទ្រព្យជាច្រើនដូចជា លំនៅឋាន តំបន់ទីក្រុង និងសួនឧស្សាហកម្ម។
នៅថ្ងៃទី២០ ខែកញ្ញា រដ្ឋសភាវៀតណាមបានអនុម័តឱ្យខេត្តបាក់និញក្លាយជាទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្តាល រួមជាមួយខេត្តក្វាងនិញនៅតាមព្រំដែនប្រទេសចិន៕







