ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន METFONE សហការបើកយុទ្ធនាការ ផ្សាព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ផ្សារភ្ជាប់ជាមួយម្ហូបអាហារ “ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food”។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone ដើម្បីបើកយុទ្ធនាការ “ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food” ដែលធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ផ្សារភ្ជាប់ម្ហូបអាហារជាលក្ខណៈពិសេស តាមតំបន់នីមួយៗ នៅជុំវិញប្រទេសកម្ពុជា ដោយមានការចូលរូមពីលោក Cao Manh Duc នាយកប្រតិបត្តិ (CEO) និងសហការី មន្រ្តីរាជការគ្រប់នាយកដ្ឋាន និងមន្ទីរទេសចរណ៍ តំណាងសកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត អ្នកបង្កើតមាតិកា សរុបជាង២០០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងពិធីប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Cao Manh Duc និងក្រុមហ៊ុន METFONE ចំពោះការចូលរួមគាំទ្រ យុទ្ធនាការរបស់ក្រសួងទេសចរណ៍ ស្របតាមការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យយុវជនប្រើប្រាស់នូវបណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ភូមិស្រុករបស់ខ្លួន ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត និងផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន METFONE ក្នុងការចូលរួមផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារខ្មែរ និងសក្តានុពលទេសចរណ៍កម្ពុជា។
តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone ក្នុងការផ្សព្វផ្សាយកម្មវិធី “ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food” ដែលបានផលិតជាវីដេអូខ្លីៗ ចំនួន៧ភាគ បង្ហាញពីម្ហូបប្រចាំខេត្តកំពត កែប ព្រះសីហនុ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងតាកែវ ដែលនឹងផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ក្រុមហ៊ុន METFONE និងអ្នកបង្កើតមាតិកា (Influencers) រហូតដល់ខែតុលាឆ្នាំ២០២៦។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រុមហ៊ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតឱ្យ កាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាទៅកាន់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិ៕







