សមាគម​ សហគ្រាស ​និង​ស្ថាប័ន​ព័ត៌មាន​ចិន​ចំនួន​៤០​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​អម​នៃ​ពិព័រណ៍វិនិយោគ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន

ចែករំលែក

ដោយៈ និស្ស័យ

   ប្រទេសចិនៈ  លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីដឹកនាំគណៈប្រតិភូ និងតំណាងវិស័យឯកជនកម្ពុជា ចូលរួមក្នុងជំនួបពិភាក្សាតុមូលស្តីពី ការវិនិយោគនៅកម្ពុជា។

កម្មវិធីនេះ ជារបៀបវារៈអមមួយនៃព្រឹត្តិការណ៍ ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងសៀម៉ិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក. នាយកដ្ឋានទំនាក់ទំនង នៃគណៈកម្មាធិការរៀបចំពិព័រ​ណ៍​វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន និងមន្ទីរពាណិជ្ជកម្មក្រុងសៀម៉ិន ដោយមានការសម្របសម្រួលរៀបចំដោយ វេទិកាសេវាសាធារណៈសកល សម្រាប់សហគ្រាសនៃក្រុងសៀម៉ិន ការិយាល័យទំនាក់ទំនងសេវាកម្មគ្រប់ជ្រុងជ្រោយ នៅបរទេសនៃក្រុងសៀម៉ិន ព្រមទាំងក្រុមហ៊ុន Hong-Da Taxation Services (Xiamen) Limited Inc. ក្នុងគោលបំណងកសាងស្ពានចម្លង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្លាស់ប្តូរព័ត៌មានវិនិយោគដោយផ្ទាល់ រវាងថ្នាក់ដឹកនាំ និងវិស័យឯកជនកម្ពុជា ជាមួយនិងវិនិយោគិន ព្រមទាំងធុរជនសក្តានុពលក្នុងក្រុងសៀមិន។

ជំនួបពិភាក្សាតុមូលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងប្រកបដោយស្មារតីសហការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាល ប្រជាជនខេត្តហ្វូជៀន ថ្នាក់ដឹកនាំរដ្ឋបាលប្រជាជនក្រុងសៀម៉ិន មន្ត្រីជាន់ខ្ពស់នៃមន្ទីរពាណិជ្ជកម្ម និងការិយាល័យកិច្ចការបរទេសក្រុងសៀម៉ិន ព្រមទាំងតំណាងសមាគមអាជីវកម្ម សហគ្រាសធំៗ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រមាណ៤០ស្ថាប័ន។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់បទបង្ហា​ញយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយស្តីពីទិដ្ឋភាពទូទៅ នៃបរិយាកាសវិនិយោគនៅកម្ពុជា បានគូសរំលេចពីសុខសន្តិភាព ស្ថិរភាពនយោបាន លំនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហរទទួលអ្នកវិនិយោគបរទេស ព្រមទាំងកញ្ចប់លើកទឹកចិត្តវិនិយោគ ដ៏មានភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីទិសដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពជាច្រើន ដែលឆ្លើយតបទៅនឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។

ទន្ទឹមនឹងនេះ កម្មវិធីក៏បានរៀបចំវគ្គ ចែករំលែកបទពិសោធន៍ផ្ទាល់ ដោយមានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា ដែលបានចែករំលែកនូវបទពិសោធន៍ជាក់ស្តែង និងនីតិវិធីទូទៅសម្រាប់វិនិយោគិនបរទេស រួមមាន ការចុះបញ្ជីក្រុមហ៊ុន កាតព្វកិច្ចពន្ធដារ បទប្បញ្ញត្តិការងារ ការសហការលើខ្សែច្រវាក់ផ្គត់ផ្គង់ និងទម្រង់នៃភាពជាដៃគូជាមួយសហគ្រាសក្នុងស្រុក។

ជាមួយគ្នានោះ លោក Wang Shuangtao អនុប្រធានក្រុមហ៊ុន Wanli Stone ក៏បានឡើងចែករំលែកបទពិសោធន៍ នៃភាពជោគជ័យជាក់ស្តែងនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញទឹកចិត្តដល់សហគ្រិនចិន ដែលមានបំណងពង្រីកការវិនិយោគមកកាន់កម្ពុជា។

កម្មវិធីបានឈានចូលដល់វគ្គពិភាក្សា និងការផ្គូផ្គងដៃគូធុរកិច្ច ដែលនៅក្នុងនោះ មន្ត្រីជាន់ខ្ពស់កម្ពុជា និងសហគ្រិនធំៗនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើគម្រោងវិនិយោគជាក់ស្តែង និងកាលានុវត្តភាពកិច្ចសហប្រតិបត្តិការនាពេលអនាគត ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុត៕

 


ចែករំលែក