ក្រុមហ៊ុន​អន្តរជាតិ​វាយ​តម្លៃ​លើ​ទីផ្សារលំនៅដ្ឋាន​មួយ​ចំនួន​បន្ត​មាន​ភាព​យឺតយ៉ាវ ​និង​ជម្រុញ​មើល​ផលិត​ផល​ផ្សេង​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Knight Frank Cambodia បានលើកឡើងយ៉ាងច្បាស់ថា អចលនទ្រព្យសម្រាប់ឧស្សាហកម្ម និងភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងផ្លាស់ប្តូរ គឺជាផ្នែកសំខាន់ៗដែលមានឱកាសល្អ។

ចំពោះវិស័យលំនៅដ្ឋានវិញ គឺមានភាពស្មុគស្មាញជាង ដោយការសិក្សាទីផ្សារបច្ចុប្បន្នបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមានសភាពស្ងប់ស្ងាត់ ដោយសារតម្រូវការមានកម្រិត និងលក្ខខណ្ឌនៃការផ្តល់ហិរញ្ញប្បទានមិនសូវអំណោយផល។

ក្រុមហ៊ុន Knight Frank ក៏បានរាយការណ៍ផងដែរថា អ្នកអភិវឌ្ឍន៍កំពុងពន្យារពេល កាត់បន្ថយទំហំ ឬកែសម្រួលគម្រោងមួយចំនួន ដែលបង្ហាញថាការផ្គត់ផ្គង់ចាំបាច់ ត្រូវមានតុល្យភាពឱ្យកាន់តែប្រសើរឡើងជាមួយតម្រូវការជាក់ស្តែង។

សម្រាប់យុទ្ធសាស្ត្រឆ្នាំ ២០២៧ របស់អ្នក ប្រសិនបើអ្នកមានដើមទុនក្នុងកម្រិតមធ្យម ឬតូច អ្នកជំនាញមិនណែនាំឱ្យចាប់ផ្តើមជាមួយគម្រោងអភិវឌ្ឍន៍ខុនដូខ្នាតធំនោះទេ។

ពួកគេជម្រុញ និងចង្អុលបង្ហាញឲ្យអ្នកវិនិយោគផ្តោតលើ ដីធ្លីនៅជិតតំបន់ ដែលមានសក្តានុពលការងារ ឬហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត សម្រាប់ការកាន់កាប់រយៈពេល៥ ទៅ១០ឆ្នាំ។

អ្នកជំនាញជ​ម្រុញឲ្យមានការសាងសង់ផ្ទះតូចៗ ឬផ្ទះល្វែង (townhouses) ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនក្នុងស្រុក។

សាងសង់ឃ្លាំងតូចៗ ឬអចលនទ្រព្យសម្រាប់ភស្តុភារកម្ម នៅជិតផ្លូវធំៗ និងតំបន់ឧស្សាហកម្ម។ សេវាកម្មអន្តរការី (brokerage)ឬការផ្តល់ប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងអចលនទ្រព្យទាំងនេះ ជាជាងការដាក់ដើមទុនទាំងអស់ ទៅលើការទិញអចលនទ្រព្យទុកលក់ (inventory) សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) អ្នកជំនាញបានជម្រុញឲ្យមានការសិក្សា ជាពិសេសលើតំបន់តាមបណ្តោយផ្លូវ តាខ្មៅ-កណ្តាលស្ទឹង-ស្អាង និងតំបន់ពង្រីកទីក្រុងនៅភាគខាងលិច និងភាគខាងត្បូង ប៉ុន្តែត្រូវទិញតែនៅតំបន់ណា ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួនប្រជាជន និងឱកាសការងារទៅព្រមៗគ្នា៕


ចែករំលែក