ដោយៈ ចំណាន
សៀមរាបៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ “EQUINOX ANGKOR RUNរត់ដើម្បីទេសចរណ៍” ដែលរៀបចំឡើងដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃ “សមរាត្រីអង្គរ” ខណៈព្រះអាទិត្យរះចំអ័ក្សកណ្ដាល នៃកំពូលប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ទទួលបានការចូលរួមពីលោកង៉ូវ សេងកាក់ អភិបាលរងនៃគណពអភិបាលខេត្តសៀមរាប តំណាងលោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យុវជន ប្រជាពលរដ្ឋ អ្នកផលិតមាតិកា និងអ្នកស្រឡាញ់កីឡា សរុបចំនួន១០.៣៥៥នាក់។
ថ្លែងក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរត់ ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការរត់ក្នុងស្មារតីរួម ដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ បេតិកភណ្ឌ ធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់កម្ពុជា ទៅកាន់ពិភពលោក”។
ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីកម្លាំងមហាសាមគ្គី និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការរួមគ្នាលើកកម្ពស់កិត្យានុភាព និងភាពទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកចូលរួម អ្នកផលិតមាតិកា អ្នកសារព័ត៌មាន Influencers និងKOLs ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ និងសក្ដានុពលទេសចរណ៍កម្ពុជា តាមស្មារតី៖ “១ម៉ឺននាក់–១ម៉ឺនរូបភាព–១ម៉ឺនសារ”។
ជាមួយគ្នានេះ លោកហួត ហាក់ បានអំពាវនាវឱ្យគ្រប់ភាគីបន្តចែករំលែកព័ត៌មានវិជ្ជមានពីកម្ពុជា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងចៀសវាងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្យានុភាពជាតិ និងវិស័យទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏ល្អ អនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងឱកាសគយគន់សម្រស់ដ៏មហស្ចារ្យនៃសមរាត្រីអង្គរ ដែលជាបាតុភូតធម្មជាតិដ៏ពិសេសកើតឡើងពីរដងក្នុងមួយឆ្នាំ នៅខែមីនា និងខែកញ្ញា៕









