រដ្ឋបាល​ខេត្តសៀមរាប​រៀប​ចំ​អនុវត្ត​គម្រោង​ Nurture Project ដំណាក់​កាល​ទី២ ​ឆ្នាំ​២០២៧ ​ឆ្នាំ២០៣០​

ចែករំលែក

ដោយៈ ចំណាន

   សៀមរាបៈ មន្រ្តីរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំការត្រៀមរៀបចំអនុវត្តគម្រោង នើឆ័រ ( Nurture Project) ដំណាក់កាលទី២ ឆ្នាំ២០២៧–ឆ្នាំ២០៣០។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំការត្រៀមរៀបចំអនុវត្តគម្រោងនេះ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញ អំពីលទ្ធផល សមិទ្ធផល បទពិសោធន៍ និងមេរៀនពីការអនុវត្តគម្រោងនើឆ័រ ដំណា​ក់កាលទី១ ក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ព្រមទាំងជម្រាបជូនអំពីទិសដៅ ផែនការ និងការត្រៀមរៀបចំអនុវត្តគម្រោងដំណាក់កាលទី២ សម្រាប់រយៈពេល៤ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០។

ជាមួយគ្នានេះ គម្រោងនើឆ័រ ដំណាក់កាលទី១ បានអនុវត្តនៅខេត្តគោលដៅចំនួន៤ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក ការលើកកម្ពស់កសិកម្មធន់ នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍទីផ្សារ និងការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈប្រព័ន្ធប្រកាសដឹងមុន១២៩៤។

ដោយឡែកសម្រាប់ដំណាក់កាលទី២ គម្រោងនឹងពង្រីកការអនុវត្តមកកាន់ខេត្តសៀមរាប និងខេត្តកំពង់ធំ បន្ថែមលើខេត្តគោលដៅចំនួន៤ ដែលបានអនុវត្តកន្លងមក។ គម្រោងនឹងផ្តោតជាសំខាន់លើការពង្រឹងភាពធន់របស់កសិករ និងសហគមន៍ជនបទ ចំពោះការប្រែប្រួលអាកាសធាតុ និងវិបត្តិពីកត្តាខាងក្រៅ តាមរយៈអន្តរាគមន៍សំខាន់ៗចំនួន៣ រួមមាន៖ ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក ការលើកកម្ពស់កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងការជំរុញសហគ្រិនភាពជនបទ។

ចំពោះក្នុងវិស័យកសិកម្ម គម្រោងនឹងផ្តោតលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវ និងបន្លែ ការភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ និងឱកាសអាជីវកម្ម ព្រមទាំងយកចិត្តទុកដាក់លើការចូលរួមរបស់ស្ត្រី និងយុវជន ភាពចម្រុះ បរិយាបន្នសង្គម និងនិរន្តរភាពបរិស្ថាន។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ និងពង្រឹងយន្តការ និងរចនាសម្ព័ន្ធដែលមានស្រាប់នៅមូលដ្ឋាន ដើម្បីបង្កើនភាពជាម្ចាស់ និងធានានិរន្តរភាពនៃលទ្ធផលគម្រោង។ ទន្ទឹមនឹងនេះ ការចូលរួមរបស់វិស័យឯកជន និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ ក៏គួរត្រូវបានពង្រឹង ដើម្បីភ្ជាប់ផលិតកម្មកសិកម្មទៅនឹងតម្រូវការទីផ្សារ និងបង្កើតឱកាសអាជីវកម្ម ចំណូល និងការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕


ចែករំលែក