ដោយ Donald Lee
ភ្នំពេញៈ ស្ថាបនិកនៃធនាគារធំជាងគេទីពីរ នៅតំបន់អាស៊ីអាគ្នេយ៍បានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ាននឹងផ្តល់តំបន់«សុវត្ថិភាព» មួយដល់វិនិយោគិនសម្រាប់ការវិនិយោគ បើទោះបីជាតំបន់អាស៊ីត្រូវបានរំពឹងថា នឹងទទួលរងផលប៉ះពាល់ខ្លាំង ដោយសារក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយការបន្តកើនឡើង នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
លោក Wee Ee Cheong អគ្គនាយកក្រុមហ៊ុន United Overseas Bank Ltd (UOB) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារ Bloomberg ថា “អាស៊ាននឹងក្លាយជាតំបន់សុវត្ថិភាពបំផុតសម្រាប់ការវិនិយោគ”។
ដោយបង្កើតឡើងនៅឆ្នាំ១៩៣៥ UOB គឺជាធនាគារធំជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍។
លោក Wee បានបន្ថែមទៀតថា UOB មានផែនការពង្រីកទៅតំបន់អាស៊ីអាគ្នេយ៍ដោយមានបច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីទាញយកប្រយោជន៍ពីទីផ្សារដែលមានសក្តានុពលខ្ពស់ និងរីកចម្រើន។ ប្រទេសអាស៊ានមានប្រជាជនសរុបជាង ៦០០លាននាក់ និងផលិតផលសរុបក្នុងស្រុក (GDP) សរុបចំនួន២,៤ ពាន់ពាន់ដុល្លារធ្វើឱ្យក្រុមអ្នកវិភាគមួយចំនួនហៅតំបន់នេះថាជា “ប្រទេសចិនថ្មី” ។
អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា អាស៊ាននឹងមានសេដ្ឋកិច្ចធំបំផុតទីបួននៅឆ្នាំ២០៥០។
នៅក្នុងខែឧសភានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចេញនូវបញ្ជីឈ្មោះថ្មីលើទំនិញរបស់ចិន ដែលជាប់ពន្ធមានតម្លៃ៣០០ពាន់លានដុល្លារ ដោយការដំឡើងពន្ធចំនួន២៥ភាគរយ។ បញ្ជីរួមបញ្ចូលទាំងផលិតផលស្បែកជើង។
យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ; រោងចក្រពីប្រទេសចិន នឹងផ្លាស់ទីតាំងវិនិយោគរបស់ខ្លួនទៅកាន់បណ្តាប្រទេសអាស៊ាន ដោយសារសង្គ្រាមពាណិជ្ជកម្ម។ ទិន្នន័យផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មបានបញ្ជាក់ថា ប្រសិនបើពន្ធគយរបស់អាមេរិក ចូលជាធរនឹងមានក្រុមហ៊ុនសម្លៀកបំពាក់នៅចិន នឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកទីតាំងផលិតជំនួសនៅកម្ពុជា វៀតណាម និងភូមា។
លោក អាល់ប៊ើត តាន់ (Albert Tan) ជាហេរញ្ញិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់កាលពីសប្ដាហ៍មុនថា “ដោយសារតែសង្រ្គាមពាណិជ្ជកម្មកាន់តែរីករាលដាល មានក្រុមហ៊ុនចំនួនពីប្រទេសចិន ចាប់អារម្មណ៍ក្នុងការផ្លាស់មកប្រទេសកម្ពុជា”។
ក្រុមហ៊ុន Steve Madden ផលិតស្បែកជើង និងកាបូបរបស់អាមេរិកនឹងបង្កើនផលិតកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីដាក់ទុនរបស់ខ្លួន៩០ភាគរយ នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន។ ក្រុមហ៊ុន Brooks Running Company ក្រុមហ៊ុន Haier និងក្រុមហ៊ុន Jasan សុទ្ធតែមានគម្រោងបង្កើនប្រភពផ្គត់ផ្គង់នៅវៀតណាម។
លោក Tan បានបន្ថែមថា “ដោយសារតែពន្ធលើការនាំចូលទំនិញចិនកើនឡើងនោះនឹងមានការកើនឡើងនូវក្រុមហ៊ុន ដែលកំពុងស្វែងរកប្រតិបតិ្តការផលិតកម្មនៅកម្ពុជា និងវៀតណាម”។
ទំហំពាណិជ្ជកម្មអាមេរិកជាមួយកម្ពុជា បានកើនឡើងដល់ជាង១ពាន់លានដុល្លារនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។
ប្រទេសកម្ពុជាបាននាំចេញទំនិញតម្លៃ១,១២ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកចាប់ពីខែមករាដល់ខែមីនា។ ការនាំចេញកម្ពុជាកាលពីឆ្នាំមុនក្នុងអំឡុងពេលដូចគ្នាមានចំនួន៩០៣,៦លានដុល្លារ។ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកមានចំនួនសរុប៣,៨ ពាន់លានដុល្លារកាលពីឆ្នាំ២០១៨៕