និយោជក និងកម្មករត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីចុះកិច្ចសន្យាការងារ
ដោយ វុត្ថា
ភ្នំពេញ៖ តាមច្បាប់ការងារ និយោជកអាចជារូបវន្តបុគ្គល (មនុស្ស) ឬជានីតិបុគ្គល (ក្រុមហ៊ុន រោងចក្រ អង្គការ សមាគម សហជីព…)។ ជាគោលការណ៍និយោជកត្រូវចុះបញ្ជីពាណិជ្ជកម្ម មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងបានបំពេញបែបបទនៃការជូនដំណឹង ពីការបើកសហគ្រាសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លើសពីនេះទៀត បុគ្គលដែលតំណាងឲ្យនិយោជក ត្រូវតែជានីតិជន (អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) និងមានឯកសារតែងតាំងឬ ផ្ទេរសិទ្ធិឲ្យចុះកិច្ចសន្យាការងារ។
-->
ចំពោះកម្មករនិយោជិតវិញ ជាគោលការណ៍ទូទៅច្បាប់ការងារកំណត់ថា មនុស្សអាយុចាប់ពី១៥ឆ្នាំឡើងទៅអាចធ្វើការងារបានហើយ។ ប៉ុន្តែមានការងារប្រភេទខ្លះច្បាប់កំណត់ថា ទាល់តែ១៦ ឆ្នាំឬ១៨ ឆ្នាំទើបអាចធ្វើការងារបាន ឬក្នុងករណីខ្លះអាយុ១២ឆ្នាំ ក៏អាចធ្វើការងារបានផងដែរ។
ដូច្នេះទាក់ទងនឹងអាយុដែលអាចធ្វើការងារនេះ គេត្រូវគោរពទៅតាមលក្ខខណ្ឌលម្អិត ដែលកំណត់នៅក្នុងច្បាប់ការងារ។
សូមកត់សម្គាល់ថា នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង អ្នកបញ្ជាទិញបានដាក់លក្ខខណ្ឌមករោងចក្រកាត់ដេរនៅកម្ពុជា ឲ្យទទួលយកមកធ្វើការតែមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ បុគ្គលដែលជានីតិជនអាចចុះកិច្ចសន្យាការងារដោយខ្លួនឯងបាន។
ចំពោះបុគ្គលដែលជាអនីតិជន (អាយុក្រោម ១៨ឆ្នាំ) ដែលអាចធ្វើការងារបាន គឺឪពុកម្តាយឬអាណាព្យាបាលជាអ្នកចុះកិច្ចសន្យាជំនួស។
ឯកសារដែលកម្មករនិយោជិតត្រូវផ្តល់ឲ្យនិយោជក មានដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រឬវិញ្ញាបនបត្រលិខិតបញ្ជាក់លំនៅ លិខិតបញ្ជាក់អំពីចរិយាឬមាយាទរបស់កម្មករ និយោជិត លិខិតថ្កោលទោស។ល។ ទៅតាមប្រភេទនៃមុខងារដែលពួកគេត្រូវធ្វើ៕