ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសព័រទុយហ្គាល់បានកើនឡើងដល់ ២ ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដោយវិនិយោគិនអន្តរជាតិគឺជាអ្នកជំរុញសកម្មភាពភាគច្រើន ហើយអចលនទ្រព្យសម្រាប់លក់រាយបានទាក់ទាញទុនវិនិយោគច្រើនជាងគេ។
យោងតាមរបាយការណ៍ចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Dils ការវិនិយោគនៅចន្លោះខែមករាដល់ខែកញ្ញា បានកើនឡើង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងត្រីមាសទី៣ ការធ្វើប្រតិបត្តិការនានាមានទំហំទឹកប្រាក់សរុប ៦៣០ លានអឺរូ ដែលតំណាងឱ្យការកើនឡើង ៣៣ភាគរយ បើធៀបនឹងត្រីមាសទី២។ វិនិយោគិនបរទេសបានកាន់កាប់ចំណែក ៧៥ភាគរយនៃការវិនិយោគទាំងអស់ក្នុងអំឡុងត្រីមាសនេះ។
តួលេខទាំងនេះបង្ហាញថា ប្រទេសព័រទុយហ្គាល់នៅតែបន្តទាក់ទាញការវិនិយោគអចលនទ្រព្យពីអន្តរជាតិ ទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងការសម្រេចចិត្តទិញដែលមានភាពប្រុងប្រយ័ត្នកាន់តែខ្លាំងយ៉ាងណាក្តី។
ទីផ្សារអចលនទ្រព្យលក់រាយ ជាផ្នែកដែលមានសកម្មភាពខ្លាំងបំផុតនៅក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា ដោយមានទំហំទឹកប្រាក់ ១៩៥ លានអឺរ៉ូ ឬប្រហែល ៣១% នៃការវិនិយោគសរុបប្រចាំត្រីមាស។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ការវិនិយោគលើអចលនទ្រព្យលក់រាយបានកើនដល់ ៦១១ លានអឺរ៉ូ៕







