ដោយៈ រ៉ាណេត
ភ្នំពេញៈ ការដឹកនាំមនុស្សមួយក្រុមឱ្យរួមគ្នា ធ្វើដំណើរឆ្ពោះរកគោលដៅតែមួយប្រកបដោយភាពជោគជ័យ ទៅតាមការកំណត់របស់ខ្លួនវាមិនមែនជារឿងដែលងាយស្រួលនោះទេ ប៉ុន្តែដំណោះស្រាយនៅតែមានជានិច្ច ជាពិសេសគឺចំណេះដឹង និងវិធីសាស្ត្រសំខាន់ៗចំនួ៣ដែលជាដើមទុន គឺត្រូវតែមាននៅក្នុងខ្លួន។

ស្ថាបនិក និងជាអគ្គនាយក CEO Master Club លោក អោម សេងបូរ៉ា ដែលជាអ្នកជំនាញផ្នែកបណ្តុះបណ្តាល ក្នុងភាពជាអ្នកដឹកនាំអស់រយៈពេលជាង១០ឆ្នាំកន្លងទៅនេះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មិថុនានេះថា ភាពជាអ្នកដឹកនាំ មនុស្សគ្រប់រូប សុទ្ធតែអាចមានលទ្ធភាព និងសមត្ថភាពធ្វើទៅបានឱ្យតែមានឆន្ទៈ និងការព្យាយាមចេញពីចិត្តដើម្បីទទទួលបានភាពជោគជ័យ។
លោកបានមានប្រសាសន៍ថា “នៅក្នុងភាពជាអ្នកដឹកនាំ គឺចាំបាច់ត្រូវតែមានចំណេះដឹងសំខាន់ៗដែលជាគន្លឹះចាំបាច់ចំនួន៣ នៅក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត” ។
គន្លឹះសំខាន់ចំនួន៣នោះរួមមានដូចជា ៖
ថាមពល ជាកម្លាំងយ៉ាងពិសេសដែលចាំបាច់ត្រូវតែមាន និងធានាថាមានប្រសិទ្ធភាពខ្ពស់ជាប់ជាប្រចាំ ដែលក្នុងនោះរួមមានថាមពលរាងកាយ ថាមពលផ្លូវចិត្ត ថាមពលស្មារតី រួមជាមួយនឹងថាមពលអារម្មណ៍។
លោក អោម សេងបូរ៉ា បានមានប្រសាសន៍បញ្ជាក់ថា “នៅពេលកម្លាំងរាងកាយចុះខ្សោយ តើអាចមានលទ្ធភាពឯណាចុះអនុវត្តធ្វើជាគំរូ នៅពេលកម្លាំងចិត្តផ្លូវចុះខ្សោយ តើមានអ្វីដែលអាចជំនះជាមួយនឹងឧបសគ្គនៅចំពោះមុខ នៅពេលស្មារតីអន់ថយ តើមានអ្វីដែលអាចប្រឆាំងជាមួយនឹងបញ្ហាចំពោះមុខបាន នៅពេលអារម្មណ៍មិនស្ងប់ ឆាប់ឆេវឆាវ យកភាពមួរម៉ៅមិនសមហេតុផលមកដឹកនាំ តើអាចទទួលបានលទ្ធផលល្អទេ ផ្ទុយទៅវិញគឺមានតែការបែកបាក់”។
បង្កើនសីល្ប៍វិធី
ជាវិធីសាស្ត្រក្នុងការទាក់ទាញមនុស្សនៅជុំវិញខ្លួនមានទំនោរ និងភាពជឿជាក់មកខ្លួន។ រាប់ទាំងទង្វើ សកម្មភាពនានា និងការនិយាយស្ដីសុទ្ធតែធ្វើឡើងប្រកបដោយសីល ប្រកបដោយចំណេះដឹង និងគុណធម៌។ ទាំងនេះមិនមែនមានន័យថាឱ្យយល់ស្រប និងឱនលំទោនចំពោះបុគ្គលិក ឬមនុស្សក្រោមឱវាទនោះទេ ប៉ុន្តែការបង្គាប់ត្រូវធ្វើឱ្យចំណើដឹង និងសីលវិធី។
ឥទ្ធិពលចេញពីក្នុងខ្លួន
ដឹកនាំដោយភាពត្រជាក់។ ស្ថាបនិកវិទ្យាស្ថាន CEO Master Club លោក អោម សេងបូរ៉ា បានបញ្ជាក់ថា “ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ”។
លោកបានបន្តទៀតថា ភាគច្រើនការដឹកនាំដោយភាពត្រជាក់ គឺតែងទទួលបានលទ្ធផលល្អ ច្រើនជាងការដឹកនាំដោយភាពក្ដៅក្រហាយ។ ការដែលចេះកែប្រែស្ថានការណ៍ពីអាក្រកមកជាល្អប្រសើរ តែងត្រូវបានអ្នកជំនាយកវិធីសាស្ត្របែបត្រជាក់មកដោះស្រាយ ដូចជាការជជែក ជជីកពីដើមហេតុនៃបញ្ហា ហើយស្វែករកដំណោះស្រាយ ដើម្បីទទួលបានភាពការសម្រេចជោគជ័យរួមទាំងអស់គ្នា។

គន្លឹះសំខាន់ទាំង៣នេះ មិនត្រឹមតែអាចមានប្រសិទ្ធភាព ក្នុងការដឹកនាំក្រុមហ៊ុន ឬស្ថាប័ន និងអង្គភាពនោះទេ ប៉ុន្តែវាអាចជាទុនក្នុងការដឹកនាំសង្គមជាតិ រហូតឈានដល់ពិភពលោក៕