អបអរសាទរ​! ចុងភៅ​កម្ពុជា​ឈ្នះ​ពានមាស១​ និង​មេដាយ​គ្រប់​កម្រិត២៧​ ក្នុង​ការប្រកួត​ប្រជែង​មុខម្ហូប​នៅ​ថៃ

0
ចុងភៅ​កម្ពុជា​ឈ្នះ​ពានមាស១​ និង​មេដាយ​គ្រប់​កម្រិត២៧​ ក្នុង​ការប្រកួត​ប្រជែង​មុខម្ហូប​នៅ​ថៃ

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ សមាគម​ចុងភៅ​កម្ពុជា​ បាន​នាំ​យក​ម្ហូប​ខ្មែរ​ និង​ចុងភៅ​កម្ពុជា​ចំនួន៣២រូប​ ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​មុខម្ហូប​អាហា​អាស៊ី​ឆ្នើម​ (Best​ Asian​ Gourmet​ Challenge​) ឆ្នាំ២០១៩​ រយៈពេល​ ០១សប្តាហ៍​ ពី​ថ្ងៃទី​ ២៦​ ខែឧសភា​ ដល់​ថ្ងៃទី​ ០១​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដោយ​ទទួល​បាន​ជ័យលាភី​ ពានមាស​ ១ និង​មេដាយ​គ្រប់​កម្រឹត​ថ្នាក់​ ចំនួន២៧​ ក្នុង​នោះ​រួមមាន​៖១- ពានមាស​ជ័យលាភី​ចំនួន​ ០១​ ២- មេ​ដោយ​មាស​ចំនួន​ ០៣​៣- មេដាយ​ប្រាក់​ចំនួន​ ០៦​ និង​ ៤- មេដាយ​សំរឹទ្ធ​ចំនួន​ ១៧​ សម្រាប់​បុគ្គល​ចំនួន២៧​ បន្ថែម​ទៀត​។

លោក​ ឡុង​ ប៊ុ​នហោ​ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ និង​ជា​ប្រធាន​ដឹកនាំ​សមាជិក​ប្រតិភូ​ចូលរួម​ការប្រកួត​នេះ​ បាន​ឲ្យដឹង​ថា​ កម្មវិធី​ប្រកួតប្រជែង​អាហារ​អាស៊ី​ឆ្នាំ២០១៩នេះ​ បាន​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ខែឧសភា​ និង​ប្រកាស​លទ្ធផល​នា​រាត្រី​ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៩​។

បណ្តា​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ រួមមាន​ចុងភៅ​មក​ពី​ប្រទេស​ថៃ​ កម្ពុជា​ ចិន​ កូរ៉េ​ខាងត្បូង​ ហុងកុង​ វៀតណាម​ ម៉ាកាវ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ សឹង្ហ​បូរី​ និង​ប៉ាគីស្ថាន​។ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​ ក្រុម​ចុងភៅ​ល្បី​ៗមក​ពី​បណ្តា​ខេត្ត​ចំនួន៣០ក្នុង​ប្រទេស​ថៃ​ ក៏បាន​ចូលរួម​ផង​ដែរ​ សរុប​ចុងភៅ​ចូលរួម​ទាំងអស់​មាន​ប្រមាណ​ជិត​ ១៤០០នាក់​។

រសជាតិ​ម្ហូប​ខ្មែរ​ចំនួន​ ១០មុខ​ ដែល​ចូលរួម​ប្រកួត​ រួមមាន​៖ ១- ញាំ​ក្រូច​ថ្លុង​បង្គា​រ ២- សាច់គោ​អាំង​ទឹកប្រហុក​ ៣- សម្ល​រប្រ​ហើរ​ ​; ៤- អាម៉ុក​ត្រី​ ៥- ការី​សាច់​មាន់​ ៦- ឆា​កង្កែប​ម្រេច​កំពត​ ៧- ខប៉េងប៉ោះ៨​- គ្រំ​បំពង​ជ្រក់ស្វាយ​៩- បាយ​សម្រូប​សណ្តែក​ខ្មៅ​ និង១០​-ស្ខ្យា​រល្ពៅ​។

សមាគម​ចុងភៅ​កម្ពុជា​បាន​នាំមក​នូវ​កិត្តិយស​ មុខមាត់​ និង​កិត្យានុភាព​ជូន​ជាតិ​មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​។

ទេពកោសល្យ​នៃ​ការផ្សំ​គ្រឿង​ចំអិន​ម្ហូប​ មិនគ្រាន់​តែ​ជា​តម្លៃ​មួយ​បង្ហាញ​អំពី​បំណិន​នៅក្នុង​វិជ្ជាជីវៈ​ជា​ចុងភៅ​តែប៉ុណ្ណោះ​ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​មោទនភាព​សម្រាប់​ការ​លើក​ពាន​ជ័យលាភី​ គឺ​រសជាតិ​ម្ហូប​ខ្មែរ​។សមាគម​ចុងភៅ​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ក្រុង​សៀមរាប​ក្នុង​ឆ្នាំ២០១៣​ ។

ឆ្នាំ២០១៩នេះ​ គឺជា​លើក​ទី៧ហើយ​ ដែល​សមាគម​ចុងភៅ​កម្ពុជា​បាន​បញ្ជូន​ក្រុម​ចុងភៅ​ឆ្នើម​ៗរបស់​ខ្លួន​ចេញទៅ​ប្រកួតប្រជែង​ធ្វើម្ហូប​ ក្នុង​កម្ម​វិ​ធី​ធំៗ​ខ្នាត​អន្តរជាតិ​នៅ​ក្រៅប្រទេស​។

ជា​ការ​កត់សម្គាល់​ទៅលើ​លទ្ធផល​នៃ​ការប្រកួត​នេះ​ រាល់​លើក​ដែល​សមាគម​ចុងភៅ​កម្ពុជា​ដណ្តើម​បាន​ គឺ​ក្រៅពី​មេដាយមាស​ ប្រាក់​ និង​សំរឹទ្ធ​ ជាច្រើន​នោះ​ ជ័យលាភី​ពានមាស​ គឺ​សមាគម​ចុងភៅ​កម្ពុជា​ទទួល​បាន​ចំនួន២លើក​ គឺ​ឆ្នាំ២០១៤​ ទទួល​បាន​ពានមាស​ក្នុង​កម្មវិធី​ប្រកួត​ធ្វើម្ហូប​ (រសជាតិ​អាហារ​ទន្លេមេគង្គ​) នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ និង​លើក​ទី២​ គឺ​ពាន​ជ័យលាភី​ប្រកួត​ធ្វើម្ហូប​អាស៊ី​ ឆ្នាំ២០១៩នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here