ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកំពុងចូលទស្សនាប្រាសាទអង្គវត្ត។ រូបថត៖ ម៉ៃ រីរៈ
ដោយ ម៉ាណេត
ភ្នំពេញ: ស្ថានីយ៍ទូរទស្សន៍ Cable News Network (CNN) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចុះផ្សាយកាលពីម្សិលមិញថា ខេត្តសៀមរាបជាកន្លែងទេសចរ ណ៍ដ៏ល្អបំផុតមួយ ក្នុងការធ្វើទស្សនាក្នុងចំណោមបណ្តាប្រទេសអាស៊ី។
ក្រៅពីខេត្តសៀមរាប ដែលជាកន្លែងទេសចរណ៍ដ៏ល្អបំផុតមួយ ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNN ក៏បានបង្ហាញថា ទីក្រុងក្យូតុ ប្រទេសជប៉ុន ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង និងកោះបាលីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងទេសចរណ៍ដ៏ល្អសម្រាប់ទេសចរណ៍ផងដែរ។
-->
CNN បានឲ្យដឹងនៅក្នុងរបាយការណ៍ថា “មានអ្នកទេសចរលើសពី២,៥ លាននាក់បានមកកាន់ទីក្រុងសៀមរាប ជារៀងរាល់ឆ្នាំជាមួយគោលបំណងចង់ឃើញ និងទស្សនាប្រាសាទអង្គរវត្ត”។
របាយការណ៍នេះបានបន្តថា “ដោយអាយុកាលចាត់តាំងពីសតវត្សរ៍ទី១២ ប្រាសាទខ្មែរ ដែលបានចុះបញ្ជីជាយូណេស្កូនេះ ជាផ្នែកមួយនៃបរិវេណប្រាសាទអង្គរដ៏ធំគឺចំណុចសំខាន់ក្នុងការចូលបញ្ជីជាកន្លែងទេសចរណ៍ដ៏ល្អបំផុត”។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ភ្ញៀវទេសចរជិត១,១២ លាននាក់បានមកទស្សនាឧទ្យានបុរាណអង្គរចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ។
ប្រទេសចិន អាមេរិក និងកូរ៉េខាងត្បូង គឺជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់កម្ពុជា ខណៈចំណូលទទួលបានពីការទិញសំបុត្រ ចូលទស្សនាតំបន់អង្គរមានប្រមាណជាង ៥០លានដុល្លារអាមេរិក។
តម្លៃសំបុត្រចូលទស្សនាតំបន់អង្គរ សម្រាប់ជនបរទេសគឺ៣៧ដុល្លារសម្រាប់ដំណើរកម្សាន្តមួយថ្ងៃ តម្លៃ៦២ដុល្លារសម្រាប់រយៈពេលបីថ្ងៃ និង៧២ដុល្លារសម្រាប់រយៈពេលមួយសប្តាហ៍៕