ដោយ គង់ សូរិយា
ភ្នំពេញ៖ ភាពស្ងប់ស្ងែងនៃសម្បត្តិវប្បធ៌ម និងប្រវត្តិសាស្ត្រកម្ពុជា បានធ្វើឲ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិនានា ខណៈពេលដែលវេបសាយអន្តរជាតិល្បីៗ បានទទួលស្គាល់ និងចូលរួមផ្សព្វផ្សាយពីទិសដៅទេសចរណ៍របស់កម្ពុជា ស្ថិតក្នុងបញ្ជីររមណីយដ្ឋានទេសចរណ៍ល្បីៗនៅលើពិភពលោក។
ក្រសួងទេសចរណ៍ សូមអបអរសាទរ និងអរគុណដល់ទេសចរអន្តរជាតិ ដែលតាមរយៈ គេហទំព័រដ៏ធំបំផុតលើពិភពលោក Trip Adviser បានបោះឆ្នោតជូនប្រាសាទអង្គររបស់ខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុត ជាប់ចំណាត់ថ្នក់លេខ១ លើពិភពលោកសំរាប់ឆ្នាំ២០១។
គេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ (TripAdvisor)ដ៏ល្បីល្បាញ និងធំជាងគេរបស់ពិភពលោកកាលពីពេលថ្មីៗនេះ បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ (Best Landmark in the World) ក្រោយពីមានការចូលរួមបោះឆ្នោតគាំទ្រ ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។
នេះជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។ ជាក់ស្តែងកាលពីឆ្នាំ២០១៤ អង្គរវត្តបានជាប់ចំណាត់ថ្នាក់ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រលេខមួយលើពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ ArchaeoMadness ដែលជាគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។
នៅឆ្នាំ២០១៥ សៀមរាប-អង្គរ ក៏បានជាប់ជាគោលដៅទេសចរណ៍ពេញនិយម សម្រាប់ភ្ញៀវទេសចរលេខមួយក្នុងតំបន់អាស៊ី និងលេខពីរលើពិភពលោក ដែលត្រូវរៀបចំឡើង ដោយគេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ TripAdvisor(TripAdvisor Traveler’s Choice Destination Award) ព្រមជាមួយការទទួលបានលេខមួយ ជាគោលដៅទេសចរណ៍លំដាប់កំពូលរបស់ពិភពលោកដែលជ្រើសរើសដោយស្ថាប័នធ្វើដំណើរ Lonely Planet(Lonely Planet’s Ultimate Travelist 2015)។
ទន្ទឹមនឹងនេះ កាលពីខែឧសភា ២០១៦កន្លងមក លោក Anton Carageaប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (European Council on Tourism and Trade) និងលោក Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) បានធ្វើដំណើរផ្ទាល់មកកម្ពុជាមកប្រកាសកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកសំរាប់ឆ្នាំ២០១៦ (2016 World Best Destination) និងជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយម (Favorite Cultural Destination Distinction 2016) ដោយចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈលើ៤ចំណុច។
ទី១ អច្ឆរិយៈភាពខាងវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាស្នាដៃរបស់មនុស្សខ្មែរតំណាងឲ្យមនុស្សជាតិទាំងមូល និងអច្ឆរិយៈភាពខាងធម្មជាតិ។
ទី២ បឹងទន្លេសាប ដ៏ធំនៅអាស៊ី ដែលមានទឹកហូរត្រលប់ ដែលគ្មានពីរលើពិភពលោក។
ទី៣ ភាពពិសេសរបស់ព្រះពុទ្ធសាសនានៅកម្ពុជា ដែលមិនត្រឹមតែអប់រំមនុស្សឲ្យក្លាយជាពុទ្ធសាសនិកប៉ុណ្ណោះទេ តែថែមអប់រំមនុស្សទូទៅឲ្យធ្វើតែអំពើល្អ។
ទី៤ ភាពញញឹមរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលលោក Anton Caragea បានគូសបញ្ជាក់ថា បើចង់ឃើញភាពញញឹមរួសរាយរាក់ទាក់ពិតប្រាកដបស់មនុស្សគឺត្រូវមកកម្ពុជា។
លោក Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបបានថ្លែងថា “ការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបញ្ចូលវិស័យទេសចរណ៍ និងវប្បធម៌រួមគ្នាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ព្រមជាមួយនេះ លោក Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) បានបោះឆ្នោតជាឯកច្ឆ័នជ្រើសតាំង សម្តេចតេជោនាយករដ្ឋមន្ត្រី ជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) ដោយលោកបានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ជាវីរៈជនដ៏កម្រមួយរបស់ពិភពលោក ដែលបានអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យដែលមានការទទួលស្គាល់លើឆាកអន្តរជាតិ និងបានប្រសិទ្ធនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ជាបុគ្គលពូកែធ្វើ (Man of Action) បុគ្គលពូកែចរចា (Man of Dialogue) និងជាបុគ្គលពូកែគិត និងឆ្លុះបញ្ចាំង (Man of Reflection)។
លទ្ធផលនេះ ពិតជាសក្តិសមណាស់សម្រាប់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត ដែលទទួលបានការគាំទ្រពីភ្ញៀវទេសចរនៅជុំវិញពិភពលោក ដោយអឆ្ឆរិយៈភាពរបស់ខ្លួនផ្ទាល់ ក្នុងនាមជាបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោក ព្រមជាមួយអឆ្ឆរិយៈភាពធម្មជាតិ និងអឆ្ឆរិយៈភាពវប្បធម៌ដ៏សំបូរបែបនៅទូទាំងប្រទេស។
ការទទួលបានចំណាត់ថ្នាក់លេខមួយជាបន្តបន្ទាប់នេះ ពិតជាបានឆ្លុះបញ្ចាំងពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃគោលនយោបាយ «ឈ្នះ – ឈ្នះ» និងគោលនយោបាយ «បើកចំហរជើងមេឃ» ព្រមទាំងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីជំរុញការអភិវឌ្ឍមាតុភូមិជាទីស្នេហា នៃយើងប្រកបដោយចីរភាព៕