កម្ពុជានឹងរៀបចំប្រារព្វព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០
ដោយ វុត្ថា
ភ្នំពេញ៖ កម្ពុជានឹងរៀបចំប្រារព្វព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ខាងមុខនេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរ។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបជាមួយគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញនេះ បានពិភាក្សាអំពីការរៀបចំនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី ៤ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខនេះ។
-->
លោករដ្ឋមន្ដ្រីទេសចរណ៍ បានគូសបញ្ជាក់ថាព្រឹត្ដិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយព្រឹត្ដិការណ៍នឹងធ្វើការផ្សព្វផ្សាយទៅដល់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗនានានៅក្នុងតំបន់ ដែលជាឱកាសដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ដ៏ទាក់ទាញទាំងដែលមានស្រាប់ និងតំបន់ដែលមានសក្ដានុពលទេសចរណ៍នានាក្នុងខេត្ដតំបន់ឆ្នេរសមុទ្រទាំងបួនផងដែរ ដើម្បីឲ្យភ្ញៀវទេសចរបានស្គាល់កាន់តែច្បាស់ និងមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន។
លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំនូវព្រឹត្ដការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ ទាំងលើផ្នែកបច្ចេកទេសរៀបចំ ការងារសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្ដរជាតិ៕