ដោយ វុត្ថា
ភ្នំពេញៈ ចំពោះកិច្ចសន្យាជួលទូទៅ អ្នកជួលមិនអាចផ្ទេរសិទ្ធិជួល ឬជួលបន្តទៅឲ្យអ្នកដទៃបានទេ បើមិនមានការយល់ព្រមពីម្ចាស់អចលនវត្ថុ។ មានន័យថាបើអ្នកចង់ជួលបន្តក៏ត្រូវមានការយល់ព្រមពីម្ចាស់អចលនវត្ថុ។
ចង់ផ្ទេរសិទ្ធិទៅឲ្យអ្នកដទៃប្រើប្រាស់ ឬអាស្រ័យផលលើអចលនវត្ថុជួល ក៏ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់អចលនវត្ថុ។ បើមិនដូច្នោះទេ ម្ចាស់វត្ថុអាចរំលាយកិច្ចសន្យាជួលនេះចោលបាន។
យោងតាមមាត្រា ១៤៤នៃក្រមរដ្ឋប្បវេណីបានចែងថា លើកលែងតែក្នុងករណីជួលអចិន្រ្តៃយ៍ ពោលគឺកិច្ចសន្យាជួលអចលនវត្ថុ ដែលមានរយៈពេលចាប់ពី១៥ឆ្នាំឡើងទៅ ក្នុងករណីជួលអចិន្រ្តៃយ៍។ មាត្រា២៥២បានចែង ដោយផ្តល់សិទ្ធិឲ្យអ្នកជួលអាចយកអចលនវត្ថុទៅជួលបន្តក៏បាន ឬក៏ផ្ទេរសិទ្ធិឲ្យអ្នកដទៃប្រើប្រាស់ ឬអាស្រ័យផលលើអចលនវត្ថុនេះដោយឥតយកថ្លៃក៏បាន ដោយមិនចាំបាច់ទៅសុំការយល់ព្រមពីម្ចាស់វត្ថុជាមុនទេ។
សរុបមកម្ចាស់ដី ឬម្ចាស់ផ្ទះ ឬអាគារ និងអ្នកជួលមានសិទ្ធិរំលាយកិច្ចសន្យាមុនកាលកំណត់បាន ប្រសិនបើភាគីទាំងពីរព្រមព្រៀងគ្នា ឬកំណត់ក្នុងកិច្ចសន្យាជួល។ ម្ចាស់ផ្ទះមានសិទ្ធិផ្ទេរ មានសិទ្ធិលក់ ទៅអ្នកដទៃ ខណៈដែលកិច្ចសន្យាកំពុងមានសុពលភាពបាន ប៉ុន្តែអ្នកជួលមិនអាចធ្វើសិទ្ធិប្រើប្រាស់ ឬផ្ទេរកិច្ចសន្យាទៅអ្នកដទៃដោយមិនមានការយល់ព្រមពីម្ចាស់អាគារ ឬម្ចាស់ផ្ទះនោះទេ៕