រូបតំណាង
ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមរយៈសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង តំបន់បឹងតាម៉ោកត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការអភិវឌ្ឍ និងសាងសង់ជាវារីកីឡដ្ឋានកម្រិតអន្តរជាតិ សម្រាប់ទទួលស្វាគមន៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ក្នុងន័យទិសដៅបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍។
បឹងតាម៉ោក ឬបឹងកប់ស្រូវ ជាអាំងស្តុកទឹកដ៏ធំជាងគេនៅជាយរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលកំពុងតែមានការអភិវឌ្ឍលើវិស័យហេដ្ឋរចនាសម្ព័ន្ធជាបណ្តើរ ដែលជាចលករជួយជម្រុញឱ្យតម្លៃនៃវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លីមានការកើនឡើង ជាពិសេសក្រោយពេលមានគម្រោងអភិវឌ្ឍជាទីផ្សារបោះដុំបន្លែ ទីចំណតរថយន្តធុនធំ ក៏ដូចជាគម្រោងវិនិយោគវិស័យលំនៅដ្ឋាន។
-->
អភិបាលខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១១ មិថុនានេះថា គម្រោងអភិវឌ្ឍបឹងតាម៉ោក ជាកន្លែងវារីកីឡដ្ឋានប្រណាំងទូកកានូ និងរ៉ូអ៊ីង គឺត្រូវបានប្រកាសដោយសម្ដេចក្រឡាហោម ស ខេង ពិតមែន។ លោកបន្តថា ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅ ប៉ុន្តែរហូតមកថ្ងៃនេះ ខាងរដ្ឋបាលខណ្ឌនៅមិនទាន់ទទួលបានគោលការណ៍ ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ឋនៅឡើយនោះទេ។
លោកបន្តទៀតថា “ខាងរដ្ឋបាលខណ្ឌកំពុងតែរង់ចាំចុះធ្វើការអនុវត្ត បន្ទាប់ពីមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញដាក់ចេញនូវផែនការ”។
ជាមួយនឹងគម្រោងអភិវឌ្ឍប្រែក្លាយតំបន់បឹងតាម៉ោក ឱ្យក្លាយទៅជាមជ្ឈមណ្ឌលប្រណាំងទូកពីសំណាក់រាជរដ្ឋាភិបាលខាងលើនេះ លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា នៅតំបន់នេះបើទោះជាមិនមានសេចក្ដីប្រកាស ពីគម្រោងអភិវឌ្ឍន៍ក៏ដោយ ក៏តម្លៃដីធ្លីនៅតំបន់មានការលើកឡើងថ្លៃរួចទៅហើយ។ លោកបានបន្តទៀតថា “ បឹងតាម៉ោក ជាតំបន់មានអំណោយផលលើកក្តាភូមិសាស្ត្រ ងាយស្រួលអភិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់ភ្នំពេញថ្មីដែរ។
លោកបន្តទៀតថា “នៅពេលមានគម្រោងអភិវឌ្ឍពីសំណាក់រាជរដ្ឋាភិបាល វាគឺជាចលករមួយជួយជម្រុញឱ្យតម្រូវការទីផ្សារលំនៅដ្ឋាន ក្នុងតំបន់នេះកាន់តែមានភាពភាពប្រសើរឡើង”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់បឹងតាម៉ោកគឺមានភាពទាក់ទាញចាប់តាំងពីប្រមាន២-៣ឆ្នាំមុនម៉្លេះ ដោយសារតែមានស្ថានភាពធម្មជាតិល្អដែលអំណោយផលដល់ការរស់នៅ។ លោកបានបន្តទៀតថា គំរោងអភិវឌ្ឍន៍ថ្មីនេះ នឹងជួយធ្វើឲ្យអចលនទ្រពម្យនៅតំបន់នេះ ពិសេសតម្លៃដីធ្លីនៅជុំវិញតំបន់នេះនឹងកើនឡើង។
លោកបន្តថា “បច្ចុប្បន្នតម្លៃដីធ្លីនៅតំបន់នេះ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ដីដែលនៅជាប់ផ្លូវធំអាចមានតម្លៃចន្លោះ៤០០-៥០០ដុល្លារក្នុងមួយម៉ែត្រ ឬអាចលើសនេះក៏មានដែរ ដែលវាអស្រ័យទៅតាមតំបន់ និងស្ថានភាពដី”។ លោកថា “ដីដែលស្ថិតនៅផ្លូវខាងក្នុង ឬឆ្ងាយពីផ្លូវធំអាចមានតម្លៃក្នុងចន្លោះ៨០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រ ហើយវានឹងបន្តសាយភាពល្អប្រសើរទៅដល់តំបន់ភ្នំប្រសិទ្ធិ ខណៈដែលពេលនេះក៏មានក្រុមហ៊ុនអភិវឌ្ឍមួយចំនួន ចាប់ផ្តើមសាងសង់លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម” នៅតំបន់នោះរួចហើយ”៕