ដោយ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បាននាំយកថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យ ដែលផ្តល់ការថែរទាំព្យាបាលកុមារដោយឥតគិតថ្លៃដ៏ធំមួយនេះ។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ បានដឹកនាំក្រុមការងារ និងសមាជិកសមាគមនាំយកថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យនាព្រឹកថ្ងៃទី១៧ មិថុនានេះ។ លោកយិន លាងគង់បានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រធានសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីដែលបានផ្តួចផ្តើមរៃអង្គាសថវិកា បានមួយចំនួនជូនដល់មន្ទីរពេទ្យនេះ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមដែលបានរួមវិភាគទាន ធ្វើកិច្ចការដ៏ល្អប្រសើរនេះ។
លោកយិន លាងគង់បានមានប្រសាសន៍ថា “ការចូលរួមជួយដល់មន្ទីរពេទ្យនេះ ក៏ដូចជាធ្វើកិច្ចការសង្គម ដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាកិច្ចការរបស់យើងទាំងអស់គ្នា ហើយប្រជាពលរដ្ឋទាំងអស់គ្នាពិតជាអាចចូលរួមបាន តាមលទ្ឋភាពនិងធនធានរបស់ពួកគេ”។
មន្ទីរពេទ្យគន្ធបុប្ឆា ត្រូវបានសាងសង់ឡើងវិញនៅដើមទសវត្សរ៍ទី៩០ ក្រោមគំនិតផ្តួចផ្តើមរបស់ស្ថាបនិកដ៏ឆ្នើម គឺលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកបានទទួលមរណៈភាពកាលពីឆ្នាំមុន។
នាយកប្រតិបត្តិមូលនិធិគន្ធបុប្ឆាលោក Denis Laurant បានមានប្រសាសន៍សម្តែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលបានរួមគ្នាប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យនេះ។
លោកបន្តថា “មន្ទីរពេទ្យគន្ឋបុប្ឆានៅតែដើរតាមទស្សនវិស័យដើម របស់លោកវេជ្ជបណ្ឌិត Beat Richner ដោយផ្តល់សេវាកម្មពិនិត្យ ព្យាបាល ថែរទាំកុមារកម្ពុជាដោយគ្មានការរើសអើង ផ្តល់ការព្យាបាលប្រកបដោយប្រសិទ្ឋភាព និងឥតគិតថ្លៃ”៕