ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០១៩នេះ ដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ខាងមុខនេះ ក្រោមប្រធានបទ “អភិរក្សស៊ីក្លូដើម្បីទេសចរណ៍”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រឹត្តិការណ៍នេះ មានការសហការរៀបចំដោយក្រសួងទេសចរណ៍ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមអភិរក្សស៊ីក្លូកម្ពុជា ដែលមានគាំទ្រដោយ សាលារាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាផងដែរ។
-->
លោកស្រីបន្តថា “ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងដើម្បីអភិរក្សស៊ីក្លូ និងលើកម្ពស់ការប្រើប្រាស់យានជំនិះបុរាណ ដើម្បីវិស័យទេសចរណ៍កម្ពុជា និងជំរុញការីទេសចរណ៍ទាំងអស់ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជាឱ្យជួយគាំទ្រផ្សព្វផ្សាយ និងជួយដាក់បញ្ចូល នៅក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីលើកស្ទួល និងលើកទឹកចិត្តដល់អ្នកប្រកបមុខរបរធាក់ស៊ីក្លូ ដើម្បីបន្តបំរើសេវាកម្មដ៏កម្រមួយនេះ”។
លោកបន្ថែមថា លើពីនេះទៅទៀត ព្រឹត្តិការណ៍នេះ នឹងជួយដាស់ស្មារតីដល់យុវជនជំនាន់ក្រោយឲ្យងាកមកជួយគាំទ្រប្រើប្រាស់ នឹងឲ្យតម្លៃដល់យាន្តជំនិះបុរាណមួយនេះ ដែលគ្មានផលប៉ះពាល់ដល់បរិស្ថានដល់ទីក្រុងរបស់យើង។
លោកស្រីក៏បានអំពាវដល់ពលរដ្ឋខ្មែរគ្រប់រូប ចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ និងមានឪកាសធាក់ស៊ីក្លូសាកល្បងលេងកម្សាន្តផងដែរ៕