រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន
ដោយ តារា
កំពង់ធំៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវពន្លឿនការរៀបចំផែនការមេអភិវឌ្ឍន៍ (Master plan) ក្នុងខេត្ត ក្នុងក្រុងស្ទឹងសែន និងតាមដងស្ទឹងសែនឱ្យខាងតែបាន និងច្បាស់លាស់ជាទីបំផុត ដើម្បីជំរុញការអភិវឌ្ឍខេត្តដែលមានសក្ដានុពលនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវខិតខំធ្វើឱ្យបាននូវផែនការមេអភិវឌ្ឍន៍ខេត្តឱ្យបាច្បាស់លាស់ ខេត្តកំពង់ធំត្រូវមានកាចង្អុលទិសក្នុងការអភិវឌ្ឍ ទីក្រុងយើងដាច់ខាតត្រូវមានផែនការអភិវឌ្ឍន៍ ត្រូវមានផែនការមួយច្បាស់លាស់»។
-->
លោកបានបន្តថា ផែនការមេអភិវឌ្ឍន៍ខេត្តនេះ មិនមែននិយាយតែពីការកំណត់ លើផែនការប្រើប្រាស់ដីធ្លី (Zoning ) ប៉ុណ្ណោះទេ បើនៅទីក្រុងគឺមានទាំងការគ្រប់គ្រងកាកសំណល់រឹងរាវជាអាទិ៍ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត អាងចម្រោះទឹក បញ្ហាកាកសំណល់ សំរាម ផ្លូវថ្នល់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ជៀសវាងការសាងសង់ផ្លូវរួចហើយ ធ្វើលូតាមក្រោយ។ មួយទៀត ក៏ត្រូវរៀបចំស្ទឹងសែនឱ្យមានសោភ័ណភាពល្អប្រសើរ ដើម្បីទាក់ទាញទេសចរផងដែរ។

លោករដ្ឋមន្ត្រីថោង ខុនបានបញ្ជាក់ថា នៅពេលខេត្តសៀមរាបមានអាកាសយានដ្ឋានអន្តរជាតិថ្មី និងផ្លូវ ស្ពានតភ្ជាប់ពីកំពង់ឆ្នាំង ផ្លូវជាតិលេខ៦ ត្រូវបានពង្រីកថែម ខេត្តកំពង់ធំដែលនៅជាប់ខេត្តទាំងពីរនេះ នឹងទទួលបានផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន ពិសេសវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនជាដើម៕