ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ខណ្ឌបឹងកេងកងជាផ្លូវការហើយ។
ពិធីប្រកាសចូលកាន់តំណែង និងប្រគល់ត្រារដ្ឋបាលជាផ្លូវការត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាប៊ែលធីអន្តរជាតិ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ក្រោមវត្តមានរបស់លោកឃួង ស្រេង អភិបាលនៃគណអភិបាលសាលារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌបឹងកេងកងផងដែរ។ ប្រធានក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវបានប្រកាសប្រគល់តំណែងទៅលោក គឹម ឈុនអ៊ូ រួមទាំងសមាជិកក្រុមប្រឹក្សាសរុបចំនួន ១៧រូបទៀត។
បច្ចុប្បន្ននេះ ដីដែលស្ថិតនៅតំបន់បឹងកេងកង១ មានតម្លៃលើសពីបណ្តាខ័ណ្ឌដទៃទៀត ដែលជាទូទៅចំពោះដីដែលស្ថិតនៅតាមផ្លូវធំៗ អាចមានតម្លៃចន្លោះពី៤៥០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកសម្រាប់ដីដែលស្ថិតនៅតាមបណ្តាផ្លូវតូចៗគិតជាមធ្យមអាចក្នុងរង្វង់៣៥០០- ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកដីដែលស្ថិតនៅក្នុងតំបន់បឹងកេងកង១ដដែល ប៉ុន្តែនៅជាប់នឹងផ្លូវមុនីវង្ស នៅទីតាំងខ្លះអាចមានតម្លៃថ្លៃរហូតដល់លើសពី៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕