ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសដទៃទៀតបាននិងកំពុងទាញយកផលប្រយោជន៍ ពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលប្រទេសចិនបានដាក់ចេញនូវទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារ ដើម្បីឲ្យគោលនយោបាយនេះដំនើរការ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសដទៃទៀតបាននិងកំពុងទាញយកផលប្រយោជន៍ ពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលប្រទេសចិនបានដាក់ចេញនូវទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារ ដើម្បីឲ្យគោលនយោបាយនេះដំនើរការ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ ធ្នូនេះថា ជា យុទ្ឋសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែនលោកតែងតែគៀងគរអ្នកវិនិយោគ មកបោះទុនវិនិយោគនៅកម្ពុជា ហើយក្នុងពេលទស្សនកិច្ចនៅប្រទេសចិន សម្តេចតែងតែរៀបចំឲ្យមានជំនួបជាមួយអ្នកធុរកិច្ចធំៗ បានស្វែងយល់ពីកាលានុវត្តន៍ភាពនៃការវិនិយោគនៅកម្ពុជា។លោកបន្តថា ស្របពេលកម្ពុជាមានកំនើនសេដ្ឋកិច្ចល្អប្រសើរ សុខសន្តិភាព និងស្ថិរភាពនយោបាយ ពិសេសច្បាប់វិនិយោគរបស់កម្ពុជា មានភាពទូលាយដោយអនុញ្ញាត្តឲ្យជនបរទេសកាន់កាប់ទុន១០០ភាគរយបានជួយកម្ពុជាទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើន។
លោកឧកញ៉ាបន្តថា “កម្ពុជាកំពុងទាញយកផលប្រយោជន៍ និងអ្នកវិនិយោគចិនឲ្យបានច្រើន ចេញពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលប្រទេសដទៃទៀតក៏ចង់បានអ្នកវិនិយោគបរទេសដែរ ប៉ុន្តែអ្វីសំខាន់គឺអ្នកវិនិយោគក្នុងស្រុកទទួលបានជោគជ័យសិន។លោកបន្តថា “បើគោលនយោបាយវិនិយោគមិនជួយដល់អ្នកវិនិយោគក្នុងស្រុក ក៏បរទេសគេមិនចូលមកដែរ ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាល មានភាពអំណោយផលណាស់ទាំងមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តិនានា ដែលផ្តល់នូវបរិយាកាសវិនិយោគដ៏ល្អប្រសើរ។
ក្នុងជំនួបជាមួយអ្នកធុរកិច្ចមកពីខេត្តយូណាន ប្រទេសចិនកាលពីដើមសប្តាហ៍នេះ លោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មបានមានប្រសាសន៍ថា ជំនួបពាណិជ្ជកម្មកម្ពុជា និងចិនមកពីខេត្តយូណាន ជាប្រព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះបានប្រមូលផ្តុំធុរជនកម្ពុជានិងចិន ជាច្រើនមកពីវិស័យផ្សេងៗគ្នា ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ស្របតាមគោលគំនិត របស់ប្រមុខដឹកនាំកម្ពុជា និងចិន ។
លោកឧកញ៉ាបានបន្តថា “ខ្ញុំជឿជាក់ថាជំនួបនេះពិតជាមានអត្ថប្រយោជន៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់ និងបង្កើតទំនាក់ទំនងធុរកិច្ចជាមួយគ្នាសម្រាប់ឆ្នាំខាងមុខទៀត ព្រោះប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងនាំមុខគេ និងជាប្រភពនៃការវិនិយោគផ្ទាល់ពីរបរទេស។ លោកបន្តថា “ចិនដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំសេដ្ឋកិច្ចទ្វេភាគីកម្ពុជា ចិនមានទំហំទឹកប្រាក់ ៤.៨០០លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ហើយត្រូវរំពឹងថាកើនដល់៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧នេះ ក្នុងនោះប្រទេសចិន បាននាំចូលកម្ពុជាមានទំហំទឹកប្រាក់៣.៩០០លានដុល្លារ និងកម្ពុជានាំចេញទៅចិនមាន៨៣០លានដុល្លារ។
លោក Zhu Baoping ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខេត្តយូណានបានលើកឡើងថា ខេត្តយូណានបានបើកទូលាយសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា និងបានពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានា ក្នុងការធ្វើពាណិជ្ជកម្ម ជាពិសេសនោះជាមួយកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ។ លោកបញ្ជាក់ទៀតថា ខេត្តយូណាន ក៏ជាខេត្តមួយមានសក្តានុពលខ្លាំងលើវិស័យសេដ្ឋកិច្ច សម្រាប់ធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដូចនឹងប្រទេសកម្ពុជាផងដែរ។ យូណានក៏ជាកន្លែងឲ្យភ្ញៀវទេសចរណ៍ គយគន់ទេសភាពដ៏ ស្រស់ត្រកាល នៅតាមទីកន្លែងផ្សេងគ្នាដែរ”៕