ដោយ រ៉ាណាត
ភ្នំពេញ៖ យ៉ាងយូរបំផុតនៅត្រឹមដំណាច់ឆ្នាំ២០១៩ខាងមុខនេះបណ្តាអ្នកវិនិយោគចិននឹងចូលមកបង្កើនការវិនិយោគនៅកម្ពុជាបន្ថែមទៀតដែលផ្តោតទៅលើការតភ្ជាប់ជើងហោះហើរត្រង់ពីបណ្តាខេត្តមួយចំនួននៅប្រទេសចិនមកកាន់កម្ពុជា។
នៅក្នុងដំណើរទស្សនៈកិច្ចនិងស្វែងរកឱកាសវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនចិនធំលើផ្នែកទេសចរណ៍គណៈប្រតិភូមកពីខេត្តជឺជាំងប្រទេសចិនបានបង្ហាញពីគោលបំណងចង់បង្កើនការតភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជាជាផ្លូវការនៅត្រឹមចុងឆ្នាំ២០១៩នេះ។
-->
លោកចាងសឺស្ស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំងដែលជាអ្នកដឹកនាំគណៈប្រតិភូតំណាងអ្នកវិនិយោគចិនបានបញ្ជាក់ថា“នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើនហើយគ្រាន់តែនៅក្នុងឆ្នាំ២០១៨ទេសចរចិននៅខេត្តជឺជាំងបានចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន២លាន៨សែននាក់ក្នុងនោះមកកម្ពុជាប្រមាណ៨ម៉ឺននាក់”។
លោកបានបញ្ជាក់ថា“ភ្ញៀវទេសចរចិននៅក្នុងខេត្តជឺជាំងនឹងមកទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀតហើយនៅពេលរដូវត្រជាក់ម្ដងៗពួកគេចូលចិត្តស្នាក់នៅតំបន់លម្ហែកាយខណៈដែលកម្ពុជាគឺជាគោលដៅរបស់ពួកគេ”។លោកបានបន្ថែមទៀតថា“ជាការសម្រួលដល់វិស័យទេសចរណ៍រវាងកម្ពុជា-ចិននៅដំណាច់ចុងឆ្នាំ២០១៩ខាងមុខនេះនឹងមានការតភ្ជាប់ការហោះហើរត្រង់ពីខេត្តជឺជាំងមកកាន់កម្ពុជា”។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូវណ្ឌីបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៩ព្រឹកមិញនេះដោយបង្ហាញពីភាពសុទិដ្ឋិនិយមនិងការស្វាគមន៍ចំពោះគោលបំណង់នៃការបង្កើនភាណល្អប្រសើរនៃវិស័យទេសចរណ៍រវាងប្រទេសទាំង២។លោកបានបន្តទៀតថា“ ទេសចរណ៍ចិនកម្ពុជាគឺបានឈានមុខគេរួចទៅហើយជាក់ស្ដែងនៅត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះមានចំនួនប្រមាណជិត៩០ម៉ឺននាក់”។លោកបានបន្តទៀតថា“ទេសចរណ៍ចិនមកកាន់កម្ពុជាមាន២ប្រភេទគឺទេសចរណ៍រយៈពេលវែងនិងទេសចរណ៍រយៈពេលខ្លីហើយនៅក្នុងវិស័យមួយនេះក៏មានការវិនិយោគពីសំណាក់ជនជាតិចិនផងដែរដូចជាវិស័យភោជនីយដ្ឋានសណ្ឋាគារនិងកន្លែងកម្សាន្តជាដើម”។
លោកបានបន្តទៀតថា“ប្រសិនបើគោលបំណង់នៃការបង្កើនការតភ្ជាប់ការហោះហើរត្រង់ពីបណ្តាខេត្តមួយចំនួននៃប្រទេសចិនមកកាន់កម្ពុជាវាគឺជារឿងល្អដែលជម្រុញឱ្យចំនួនទេសចរណ៍ចិនកាន់តែច្រើន”។
លោកបានបញ្ជាក់ទៀតថា“បច្ចុប្បន្ននេះវិស័យអាកាសចរណ៍រវាងកម្ពុជា-ចិនដែលហោះហើរត្រង់មានប្រមាណ៧-៨រួចទៅហើយប៉ុន្តែបើមានចំនួនបន្ថែមទៀតគឺកាន់តែល្អទាំងវិស័យទេសចរណ៍ក៏ដូចជាបង្កើនការវិនិយោគផងដែរខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចិនមានរហូតដល់ទៅប្រមាណ១០០កុ្រមហ៊ុន”៕