ឥណ្ឌា​មានបំណង​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​ និង​បច្ចេកវិទ្យា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​បាន​បង្ហាញ​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​ ដែល​កំពុង​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​ និង​យុវជន​ដែល​បោះបង់​ការសិក្សា​ លើ​វិស័យ​ទេសចរណ៍​ សុខាភិបាល​និង​ បច្ចេកវិទ្យា​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ជំនាញ​មួយ​ច្បាស់លាស់​ និង​មានការ​ងារ​ធ្វើ​សមរម្យ​។

លោក​ អ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​លោក​ Rajneesh​ Kanotra​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន​ Centum​ Learning​ Ltd​ កាលពី​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ បាន​ស្វាគមន៍​ចំពោះ​គោលបំណង​ក្នុង​ការបង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ ដោយសារ​នេះ​ជា​ការចូលរួម​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ឥណ្ឌា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

លោក​បន្ថែម​ថា​បន្ត​ថា​ «ខ្ញុំ​ពិតជា​ចង់ឱ្យ​ឥណ្ឌា​មាន​វត្តមាន​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) នៅ​កម្ពុជា​ណាស់​»។

លោក​ Rajneesh​ Kanotra​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន​ Centum​ Learning​ Ltd​ បានឱ្យ​ដឹង​ដែរ​ថា​ ក្រុមហ៊ុន​ Centum​ Learning​ Ltd​ នេះ​ ពិតជា​បាន​ដំណើរការ​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អភិវឌ្ឍន៍​ជំនាញ​យ៉ាង​ជោគជ័យ​ រយៈពេល៧ឆ្នាំ​មក​ហើយ​ ដោយ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ ទាំង​នៅ​ប្រទេស​ឥណ្ឌា​ នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ​។

លោក​ថា​ ក្រុមហ៊ុន​មាន​គោលបំណង​ចង់​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការបង្កើត​គម្រោង​អភិវឌ្ឍន៍​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​កម្រិតមធ្យម​សិក្សា​បឋមភូមិ​ (អនុវិទ្យាល័យ​) និង​យុវជន​ដែល​បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី៩​ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​ និង​ទទួល​បានការ​ងារ​ធ្វើ​សមរម្យ​ ក្នុង​នោះ​មាន​ដូចជា​ជំនាញ​បច្ចេកវិទ្យា​ ទេសចរណ៍​ សុខាភិបាល​ ហិរញ្ញវត្ថុ​ជាដើម​។

លោក​រដ្ឋមន្ត្រី​ អ៉ិ​ត សំ​ហេង​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គោលបំណង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ថា​ និង​ចាត់​ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ឱ្យធ្វើ​ការពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​នានា​ ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​ខាងលើ​នេះ​លេចជារូបរាងឡើង​ និង​ផ្ដល់​ផ្លែផ្កា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ១០លាន​នាក់​ ហើយ​អា​ត្រា​នៃ​កម្លាំង​ពលកម្ម​ដែល​ចូលក្នុង​ទីផ្សារ​ការងារ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​មិនដល់​កន្លះ​លាន​នាក់​ទេ​ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី​ កម្ពុជា​ក៏​នៅតែ​មិន​អាច​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​ពួកគេ​គ្រប់គ្នា​នៅឡើយ​ដែរ​ ដែល​ទាមទារ​ឱ្យ​មានដៃ​គូ​សហការ​ទាំង​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​។

គោលបំណង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ គឺ​ស្រប​ទៅ​នឹង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​សហការ​បន្ថែម​ ។កម្ពុជា​-ឥណ្ឌា​ ធ្លាប់​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តាំងពី​បុរាណកាល​មក​ ហើយ​បច្ចុប្បន្ន​ស្ថានភាព​ប្រជាសាស្ត្រ​ ការគោរព​ប្រតិបត្តិ​សាសនា​ ទំនៀមទម្លាប់​ ការរស់នៅ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ឥណ្ឌា​ក៏​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here