ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលក្រុងភ្នំពេញបានចាប់ផ្តើមម្លើងអំពូល LED ឆ្លាតវៃ Smart Light នៅតាមបណ្តោយមហាវិថី សហព័ន្ឋរុស្សី ដើម្បីប្រែលក្លាយទីក្រុងភ្នំពេញជាទីក្រុងវៃឆ្លាត ឬ Smart City ។យោងតាមមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ នេះថា គម្រោងអំពូលឆ្លាតវៃ ជាបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដែលអាចគ្រប់គ្រង និងបញ្ជារការបំភ្លឺតាមដងផ្លូវដោយប្រព័ន្ឋស្វ័យប្រវត្តិ កាំពន្លឺច្បាស់ និងប្រើថាមពលអស់តិច ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កម្ពុជាកាលពីកន្លងទៅនេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការស្ដីពីការបង្កើត “វេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន ” គឺបង្កលក្ខណៈដល់ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាចាប់ដៃគូវិនិយោគរួមគ្នា លើការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍសំណង់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានទីក្រុង ការរៀបចំទីក្រុងនឹងរួមចំណែកក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart Cities)។
-->
បើតាមក្រសួងជំនាញដដែល បានបន្តថា ជប៉ុនជួយគាំទ្របង្កើតទីក្រុងឆ្លាតវៃ ( Smart Cities) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាទីក្រុងគំរូ។ ជប៉ុនជួយគាំទ្រ និងរួមចំណែកដល់ការរៀបចំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ ( Smart Cities) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន – ជប៉ុននាពេលខាងមុខ។
បើតាមការបញ្ជាក់ពីក្រសួងដែនដីកម្ពុជា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ ជប៉ុននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា ដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំស្ថានីយវាស់វែងអចិន្រ្តៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការងារវាស់វែង និងផលិតផែនទី។
រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងមកនេះ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។
ការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន គឺជាគំនិតផ្តួចផ្តួមរបស់ភាគីជប៉ុន ហើយទីក្រុងទាំង៣របស់កម្ពុជា គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែសស្ថិតក្នុងគម្រោងនេះ៕