ដោយ ម៉ៃ វីរៈ
កំពតៈ ឪខេត្តកំពត កំពូលដួងចិត្ត នឹងឃើញបទចម្រៀងនេះ ធ្វើឲ្យយើងនឹកដល់ទឹកដីកំពត ដ៏មនោរម្យ ដែលមានសមុទ្រស្ងប់ស្ងាត់ ទឹកថ្លាយង់ និងទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំបូកគោ។
ដោយ ម៉ៃ វីរៈ
កំពតៈ ឪខេត្តកំពត កំពូលដួងចិត្ត នឹងឃើញបទចម្រៀងនេះ ធ្វើឲ្យយើងនឹកដល់ទឹកដីកំពត ដ៏មនោរម្យ ដែលមានសមុទ្រស្ងប់ស្ងាត់ ទឹកថ្លាយង់ និងទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំបូកគោ។
ការស្រូបយកខ្យល់អាកាសពីសមុទ្រ ពិតជាធ្វើឲ្យយើងបាត់អស់ទុក្ខកង្វល់ ហើយបើបានទៅភ្លក់រសជាតិគ្រឿងសមុទ្រស្រស់ៗ ធនធានធម្មជាតិនៃសមុទ្រខ្មែរ ពិតជាមិនអាចឲ្យយើងភ្លេចភូមិក្តាត ដែលជាភូមិអ្នកនេសាទ ស្ថិតនៅជើងភ្នំបូកគោឡើយ។
ដែនដីទេសចរណ៍ដែ លមានស្ថាបត្យកម្មដ៏ប្រណិតជាច្រើនកន្លែង ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង កំពុងទាក់ទាញភ្ញៀវទេសចរណ៍ចម្រុះជនជាតិសាស៍ឱ្យមកកម្សាន្ត ស្វែងយល់ពីទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្ត្រនៅខេត្តមួយនេះ។
កំពតមិនត្រឹមជាកន្លែងកំសាន្ដបែបធម្មជាតិតែប៉ុន្នោះទេ តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គ្រឿងសមុទ្រស្រស់ៗយ៉ាងសំបូរបែបនិងមានរសជាតិឆ្ងាញ់។ បើនិយាយពីគ្រឿសមុទ្រយើង នឹងនឹកដល់ភូមិមួយដែលនៅភាគខាងលិចនៃខេត្តកំពត នោះគឺ ភូមិក្ដាត ស្ថិតនៅស្របតាមផ្លូវជាតិលេខ៣។
ភូមិអ្នកនេសាទនេះ ស្ថិតនៅស្រុកទឹកឈូរ មានចំងាយប្រហែល២២គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ បើលោកអ្នកធ្វើដំណើរមកកាន់តំបន់មួយនេះយើង និងបានទស្សនានូវទេសភាពផ្លែកៗនៅអមសមខាងផ្លូវ។
ពេលលោកអ្នកដំណើរមកភូមិនេះ នឹងបានឃើញទីប្រជុំជនតូចមួយដែលអ្នកភូមិបានប្រមូលផ្ដុំគ្នាដាក់លក់គ្រឿងសមុទ្រស្រស់ៗ ទើបតែនិងលើកចេញពីទូកនេសាទថ្មីៗដាក់នៅអមសមខាងផ្លូវ។
លោកជា មករា ជាភ្ញៀវទេសចរម្នាក់ក្នុងចំណោមភ្ញៀវច្រើន ដែលកំពុងឈរទិញគ្រឿងសមុទ្របាននិយាយប្រាប់ថា “ខ្ញុំតែងតែនាំក្រុមគ្រួសារមកទិញគ្រឿងសមុទ្រនៅទីនេះ ដោយសារតែវាស្រស់ល្អ ហើយតំលៃសមរម្យ និងម្យ៉ាងទៀតនៅទីនេះមានខ្យល់អាកាសបរិសុទ្ធនិងបានមើលទេសភាពភ្នំបូកគោ”។
ប្រជាជនរស់នៅភូមិក្ដាតជាង ៩០ភាគរយ ប្រកបរបរនេសាទលើផ្ទៃសមុទ្រ ជារបរមួយដែលបានលើកកំពស់ជីវភាពរបស់ពួកគាត់បានយ៉ាងល្អប្រសើរ៕