ភ្នំពេញ៖ ជាមួយនឹងការដាក់ចេញនូវផែនការ និងគោលនយោបាយច្បាស់លាស់ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា ទៅកាន់ពិភពខាងក្រៅ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តមថោង ខុនបានថ្លែងថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីពិព៌ណ Cambodia Tourism Mart ដែលនឹងប្រារពធ្វើនៅខេត្តសៀមរាប នៅពាក់កណ្តាលខែតុលាខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលជាមនុស្សមានភាពសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់បានថ្លែងថា ពិព៌ណដែលប្រារពធ្វើចាប់ពីថ្ងៃទី១៧ ដល់១៩ តុលាខាងមុខនេះ ជាវេទិកាជួបជុំរវាងអ្នកទិញ និងអ្នកលក់មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីផ្សព្វផ្សាយនិងលក់កញ្ចប់ទេសចរណ៍នានានៅកម្ពុជា។ លោកបន្តថា នេះជាការរៀបចំលើកទី១ ដោយរំពឹងថានឹងមានស្តង់សរុបប្រមាណ២៥០ស្តង់ និងអ្នកទិញសំខាន់ៗមកពីជុំវិញពិភពលោកចូលរួម។
-->
ឯកឧត្តមថោង ខុនបានបន្តថា “ពិព៌ណនេះ ជាការជួបជុំរវាងអ្នកទិញនិងអ្នកទិញ តាមរយៈកញ្ចប់ទស្សនកិច្ចដែលយើងផ្តល់ជូន ហើយពិព៌ណនេះជាផ្នែកដ៏សំខាន់នៃការលើកកំពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ពិព៌ណនេះពិតជាមានសារៈសំខាន់ណាស់ ដែលមានការចូលរួមពីវិស័យឯកជន និងសមាគមពាក់ព័ន្ឋនានាជាច្រើន ហើយយើងរំពឹងថាអ្នកធុរកិច្ចនិងអ្នកលក់ទិញសេវាកម្មក្នុងវិស័យនេះ នឹងចូលរួមច្រើននឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកស្រីបន្តថា “ពិព៌ណនេះ ជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងការស្វែងរកដៃគូជាមួយក្រុមហ៊ុនបរទេស”។
សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងវិស័យឯកជនពាក់ព័ន្ឋដទៃទៀត នឹងចូលរួមសហការរៀបចំពិព៌ណដ៏មានសារៈសំខាន់នេះ ក្រោមការសហការពីក្រសួងទេសចរណ៍។
លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាការផ្សព្វផ្សាយពីសក្តានុពល និងតំបន់ទេសចរណ៍ថ្មីៗនៅកម្ពុជានោះទេ ប៉ុន្តែវាជាការស្វែងរកដៃគូអាជីវកម្ម ពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាប្រព័ន្ឋ និងធ្វើឲ្យមានរំញោចសេដ្ឋកិច្ច ព្រោះភ្ញៀវទេសចរណ៍ទៅដល់ទីណា នឹងមានសកម្មភាពអាជីវកម្ម ពាណិជ្ជកម្មនៅតំបន់នោះ។

លោកបន្តថា “ពិព៌ណនេះជាផលិតផលមួយនៃវិស័យទេសចរណ៍ និងជាការជំរុញកំនើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានានៅកម្ពុជា ទៅកាន់ភ្នាក់ងារទេសចរណ៍អន្តរជាតិនានា ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត”៕
