កម្ពុជារំពឹងនឹងទាក់ទាញភ្ញៀវរាប់ពាន់នាក់មកចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី៣នៅពេលខាងមុខ

0

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមការងារឯកជនផ្នែកវិស័យនេះបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវរាប់ពាន់នាក់មកចូលរួមពិព៌ណទេសចរណ៍ អន្តរជាតិលើកទី៣នាខែតុលាខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកសូ ម៉ារ៉ាសូបានមានប្រសាសន៍ឲ្យដឹងក្នុងពេលក្រសួង និងក្រុមហ៊ុនSlick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើននាព្រឹកថ្ងៃទី១ កក្កដាកន្លងមកថា តាមការគ្រោងទុក ព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។

លោកបន្តថា រីឯក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថាSeller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។ ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីជំរុញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញទេសចរអន្តរជាតិឱ្យបាន៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Slick Booth

លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth បានបញ្ជាក់ថា តាំងពីពេលបើកឱ្យមានការចុះឈ្មោះចូលរួមរហូតមកដល់ថ្ងៃនេះ មានក្រុមហ៊ុន Seller ចុះឈ្មោះទិញស្ដង់ប្រមាណ១០០ស្ដង់រួចហើយៗ នឹងបិទការទទួលចុះឈ្មោះនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ រីឯក្រុមហ៊ុនជា Buyer ក៏នឹងបិទការទទួលចុះឈ្មោះនៅខែសីហា ខាងមុខនេះផងដែរ។

លោកក៏បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ មានចំណុចពិសេសៗជាច្រើនរួមមាន ទី១ ផ្ដល់ការបញ្ចុះតម្លៃពិសេសដល់ទៅ ២០% សម្រាប់ក្រុមហ៊ុន Seller ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃបើកទទួលការចុះឈ្មោះដំបូងរហូតដល់ថ្ងៃទី១៥ ខែកក្កដា។ ទី២ មានក្រុមហ៊ុន Buyer មកពីអន្តរជាតិ ក្នុងនោះ Buyer ថ្មីៗដល់ទៅប្រមាណ ៨០% នៃក្រុមហ៊ុន Buyer សរុប។

ទី៣ ទីតាំងពិព័រណ៍មានភាពអំណោយផល សម្រាប់ក្រុមហ៊ុនSeller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ និងទី៤ ក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ នឹងមានសកម្មភាពកម្មវិធីជាច្រើនសម្បូរបែប ដែលក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ អាចទទួលបានបទពិសោធន៍ថ្មីៗ។

សម្រាប់ឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀត សម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។ ក្រៅពីអ្នកលក់ និងអ្នកទិញ ព្រឹត្តិការណ៍CTM នេះក៏នឹងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង១៥០នាក់ ដែលមកពីអង្គភាពព័ត៌មានផ្សេងៗជុំវិញពិភពលោក។

ជាមួយគ្នានេះ លោកឱម ផារិន ក៏បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 នេះ ឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬផលិតផលទេសចរណ៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here