ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនសហកម្មសិទ្ធិជាក្រុមនៃមនុស្ស ដែលបានរួមគ្នានូវចំណេះដឹង ដែលខ្លួនមានយកមកបង្កើតនូវអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ។ ហើយមានកិច្ចព្រមព្រៀង រវាងសហកម្មសិទ្ធិករ ទូទៅជាលាយលក្ខណ៍អក្សរ ឬជាផ្ទាល់មាត់ ដោយមានភាពជាក់លាក់ ដូចជា នាមករណ៍ អាសយដ្ឋាន ចំនួនទឹកប្រាក់បណ្ដាក់ទុន និងការបែងចែកនូវប្រាក់ចំណេញ។
ក្រុមហ៊ុនសហកម្មសិទ្ធិបែងចែកចេញជាពីរ គឺក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ តម្រូវឲ្យមានម្ចាស់ភាគហ៊ុនចាប់ពី២នាក់ឡើងទៅ។ តែបើមានម្ចាស់ហ៊ុនតែម្នាក់ នោះគឺជាសហគ្រាសឯកបុគ្គល។ តាមធម្មតាកិច្ចសន្យាបង្កើតក្រុមហ៊ុនសហកម្មសិទិ្ធទូទៅ អាចធ្វើឡើងជាលាយលក្ខណ៍អក្សរក៏បាន ឬក៏ធ្វើត្រឹមតែផ្ទាល់មាត់ក៏បាន។ ចំពោះដើមទុនដែលយកមករកស៊ីជាមួយគ្នា ក្នុងប្រភេទក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនេះ គឺអាចជាសាច់លុយក៏បាន ជាទ្រព្យសម្បត្តិក៏បាន ឬក៏ជាចំណេះដឹង ឬជំនាញក៏បាន។
រយៈពេលនៃកិច្ចសន្យាបង្កើតក្រុមហ៊ុននេះ អាចធ្វើឡើងដោយមានរយៈពេលកំណត់ក៏បានមិនកំណត់ក៏បាន។ ចំពោះការទទួលខុសត្រូវលើបំណុលវិញ គឺជាការទទួលខុសត្រូវដោយគ្មានកម្រិត មានន័យថានៅក្នុងករណី ដែលក្រុមហ៊ុនជំពាក់បំណុលគេ ហើយក្រុមហ៊ុនមិនមានលុយគ្រប់គ្រាន់ ដើម្បីសងបំណុលនេះទេ ម្ចាស់ភាគហ៊ុនត្រូវចេញលុយពីហោប៉ៅខ្លួនឯង ដើម្បីសងបំណុលនេះ។
ម្ចាស់ភាគហ៊ុនម្នាក់ៗ ត្រូវរ៉ាប់រងបំណុល ទៅតាមសមាមាត្រនៃចំណែកហ៊ុន ដែលខ្លួនមាន នៅក្នុងក្រុមហ៊ុន។ ប៉ុន្តែមានចំណុចសំខាន់មួយ ដែលត្រូវចាប់អារម្មណ៍ គឺនៅត្រង់ថា ទោះបីជាម្ចាស់ភាគហ៊ុនម្នាក់ៗ ទទួលខុសត្រូវលើបំណុល ទៅតាមចំណែកហ៊ុនរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែក្នុងករណីមានវិវាទរឿងមិនសងបំណុល ម្ចាស់បំណុលអាចប្តឹងទាមទារបំណុលទាំងអស់ពីម្ចាស់ហ៊ុនណាមួយតែម្នាក់ ដោយមិនចាំបាច់ប្តឹងទាមទារចំណែកពីម្ចាស់ហ៊ុនម្នាក់ៗដាច់ពីគ្នាទេ។
ក្នុងករណីនេះ ម្ចាស់ហ៊ុនណា ដែលត្រូវម្ចាស់បំណុលប្តឹង គឺត្រូវតែសងបំណុលទាំងអស់តាមបណ្តឹង គឺសងទាំងចំណែកបំណុលខ្លួនឯង និងចំណែកបំណុលរបស់ម្ចាស់ហ៊ុនផ្សេងទៀត។ រួចហើយគាត់អាចទៅទាមទារគិតគូរ ទូទាត់ជាមួយម្ចាស់ហ៊ុនផ្សេងទៀតដោយខ្លួនឯង។
ជាទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិ គេច្រើនបង្កើតឡើងនៅក្នុងអាជីវកម្មជាលក្ខណៈវិជ្ជាជីវៈ ដូចជា បង្កើតគ្លីនិកពេទ្យ ការិយាល័យមេធាវី គណនេយ្យករ ស្ថាបត្យករ ឬក៏កុងស៊ុលតង់ ជាដើម។ វាមានលក្ខណៈងាយស្រួលនៅត្រង់ថា ប្រភេទក្រុមហ៊ុនសហកម្មសិទ្ធិនេះ អាចចាប់ផ្តើមដំណើរការបានដោយមិនទាមទារដើមទុនច្រើន។
បើមានគ្នាតែពីរបីនាក់ មានកម្លាំង មានពេលវេលា មានជំនាញ មានដើមទុនម្នាក់បន្តិចៗ ល្មមអាចចូលគ្នា ដើម្បីទិញ ឬជួលទីតាំង និងសម្ភារៈសំខាន់ៗចាំបាច់ គឺអាចចាប់ផ្តើមដំណើរការបង្កើតជាក្រុមហ៊ុនសហកម្មសិទ្ធិ ដើម្បីប្រកបអាជីវកម្មបាន ហើយក៏មិនតម្រូវឲ្យមានឯកសារច្បាប់អ្វីស្មុគស្មាញច្រើនដែរ៕