លោក​គួច​ ចំរើន កំណត់​យក​ថ្ងៃទី១៣​ ខែកក្កដា​បើក​យុទ្ធនាការ​យក​សំរាម​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ឱ្យ​អស់​

0

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ ​លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះ​សីនុ​ បាន​ប្រកាស​ដា​ក់់​ចេ​ញយុទ្ឋ​នា​ការ​ប្រមូល​កាកសំណល់​ចេញពី​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី១៣​ កក្កដា​ខាងមុខ​ ដើម្បី​លើកស្ទួយ​មុខមាត់​ខេត្ត​ជាប់​សមុទ្រ​របស់​កម្ពុជា​នេះ​ឡើងវិញ​។

លោក​អភិបាលខេត្ត​បាន​សរសេរ​នៅក្នុង​ហ្វេ​សបុ​កផ្លូវការ​ នៅ​ថ្ងៃទី៩ខែកក្កដា​ នេះ​ថា​ ក្រោយ​ការប្រជុំ​ពិភាក្សា​អំពី​ការ​ប្រមូល​កាកសំណល់​ កាលពី​ព្រឹកមិញ​នៅ​សាលាក្រុង​ព្រះសីហនុ​ យើង​បាន​កំណត់​យក​ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩ខាងមុខ​ បើក​យុទ្ធនាការ​ប្រមូល​កាកសំណល់​ចេញពី​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា​ “នៅ​ថ្ងៃនេះ​ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ក្រុង​ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ (KSWM​) ក្នុង​ក្រុង​ និង​រៀបចំផែនការ​យុទ្ធនាការ​សម្អាត​អនាម័យ​ បរិស្ថាន​ក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​បាន​ល្អ​ស្អាត​”។

យោង​តាម​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ បច្ចុប្បន្ន​នេះ​ សំរាម​ដែល​បាន​បង្កើត​ឡើង​នៅ​ក្រុង​ព្រះសីហនុ​ មួយថ្ងៃ​មាន​ប្រមាណ៧០០តោន​។

បញ្ហា​អនាម័យ​ បរិស្ថាន​ សោភ័ណ្ឌភាព​ និង​ភាព​អនាធិបតេយ្យ​ ក្នុង​ក្រុង​កំពង់សោម​ត្រូវ​មហាជន​គ្រប់​មជ្ឈដ្ឋាន​នាំ​រិះគន់​យ៉ាង​ចាស់ដៃ​ ទៅលើ​ក្រុមហ៊ុន​ដែល​បាន​ ទទួល​សិទ្ធ​វិនិយោគ​ប្រមូល​សំរាម​ អសមត្ថភាព​ក្នុង​ការ​ ប្រមូល​សំរាម​ដឹក​ចេញ​ ជាពិសេស​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គ្មាន​វិធានការ​ក្តៅ​ជាបន្ទាន់​ណា​លើ​ក្រុមហ៊ុន​។

ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​ កំពុង​មានសន្ទុះ​អភិវឌ្ឍន៍​យ៉ាង​លឿន​នោះ​ កាកសំណល់​រឹង​ រាវ​ក៏​មាន​កំណើន​កើនឡើង​ផង​ដែរ​។ នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សហីនុ​ កំពុង​យកចិត្ត​ទុកដាក់​ និង​គិតគូរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ ដើម្បី​ធ្វើឲ្យ​ខេត្ត​នេះ​ ក្លាយជា​តំបន់​ទេសចរណ៍​ប្រកបដោយ​សោភ័ណភាព​ បរិស្ថាន​ល្អ​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​ មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ផង​ដែរ​។

ជាក់ស្ដែង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​អនុវត្ត​និង​បន្ត​អនុវត្តន៍​វិធានការ​ និង​ដំណោះស្រាយ​នានា​ ទាក់ទិនទៅនឹង​បញ្ហា​កាកសំណល់​រឹង​ រាវ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here