ប្រមុខ​រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំផែនការ​ដើម្បី​បង្កើត​កន្លែង​ចត​យានយន្ត​សាធារណៈ​នៅ​ក្រុងភ្នំពេញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ចាប់ផ្តើម​ជំរុញ​ឲ្យ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បង្កើត​ឲ្យ​មាន​ទីកន្លែង​សំរាប់​ចត​យានយន្ត​សាធារណៈ​នៅ​ក្រុងភ្នំពេញ​ ខណៈ​ការ​កកស្ទះ​ចរាចរណ៍​និង​ការ​ចត​យានយន្ត​បាន​ និង​កំពុង​ក្លាយជា​បញ្ហា​ក្តៅ​គគុក​នៃ​បញ្ហា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​បាន​ជំរុញ​ឱ្យ​អជ្ញា​ធរ​ពាក់ព័ន្ធ​ រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ រួម​ជាមួយនឹង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បង្កើត​ក្រុម​ជំនាញ​សិក្សា​ និង​ពន្លឿន​ការ​កសាង​ទី​ចំណត​យានយន្ត​សាធារណៈ​ នៅ​តាម​ទីប្រជុំជន​នានា​ឱ្យ​បាន​លឿន​បំផុត​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​។

សម្តេច​តេជោ​បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ភ្នំពេញ​មាន​បញ្ហា​ដែល​កំពុង​ប្រឈម​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​ ទៅ​នឹង​បញ្ហា​ខ្វះ​ចំណតរថយន្ត​សាធារណៈ​ ហើយ​បាន​បញ្ជា​ឱ្យ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ រួម​ជាមួយ​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ឱ្យ​បាន​លឿន​។

សម្ដេច​បាន​មានប្រសាសន៍​ថា​ “សម័យមុន​បើ​មាន​កង់​មួយ​គ្រឿង​ គឺ​ស្មើនឹង​មាន​ម៉ូតូ​មួយ​គ្រឿង​ បើ​មាន​ម៉ូតូ​មួយ​គ្រឿង​គឺ​ស្មើនឹង​ឡាន​មួយ​គ្រឿង​ដែរ​ ហើយ​មកដល់ពេលនេះ​ គឺ​ឡាន​ ម៉ូតូ​រាប់​លាន​គ្រឿង​យ៉ាងនេះ​ អ៊ីចឹង​ឈឺក្បាល​ណាស់​សព្វថ្ងៃ​នេះ​ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​ អ៊ីចឹង​វិធានការ​របស់​រដ្ឋ​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​វិធានការ​នេះ​”។ សម្ដេច​បាន​មាន​ប្រសាសន៍​ទៀត​ថា​ “ឥឡូវ​ខ្ញុំ​បានឱ្យ​ឯកឧត្តម​ជា​ សុ​ផា​រ៉ា​ និង​ឯកឧត្តម​ ឃួង​ ស្រេង​ ចុះ​ពិនិត្យ​ថា​ តើ​កន្លែងណា​ ដែល​អាច​ធ្វើ​ចំណតរថយន្ត​បាន​?”។

សម្ដេច​តេជោ​បាន​បញ្ជាក់​ទៀត​ថា​ សួនច្បារ​មួយចំនួន​អាច​ប្រើប្រាស់​ផ្នែក​ខាងក្រោម​ដី​នោះ​ធ្វើ​ជាន់​ខាងក្រោម​ហ្នឹង​ ដាក់​ចំណតរថយន្ត​ទៅ​។ បើ​មិន​អ៊ីចឹង​ទេ​ ចិញ្ចើម​ផ្លូវ​របស់​យើង​ចត​សុទ្ធតែ​រថយន្ត​ ភ្នំពេញ​ បើសិន​រថយន្ត​ចេញ​តែ៥០ភាគរយ​គឺ​កកស្ទះ​ទាំងអស់​ ទៅណា​មិន​រួច​ទេ​ គឺ​គាំង​ភ្នំពេញ​”។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញថា​បច្ចុប្បន្ន​យានយន្ត​ដែល​បាន​ចុះបញ្ជី​រួច​ បាន​កើ​ឡើង​រហូតដល់​ជាង៥លាន​គ្រឿង​ ដែល​គិតជា​មធ្យម​ កំណើន​ពី១​ ឆ្នាំទៅ១ឆ្នាំ​ មាន​ចន្លោះ​ចាប់ពី៣០​-៤០​ ម៉ឺន​គ្រឿង​ ក្នុង​នោះ​ភាគច្រើន​គឺ​ម៉ូតូ​ ហើយ​ចំណែក​រថយន្ត​តូច​ធំ​កំពុងតែ​ជួប​បញ្ហា​ប្រឈម​កង្វះ​ទី​ចំណត​។

លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណៈ​កម្ម​កាស្ថា​បត្យ​កកម្ពុជា​-អាស៊ាន​ ធ្លាប់​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ នៅក្នុង​គម្រោង​សាងសង់​អគារ​នី​មួយ​ៗ គេ​តែងតែបាន​គិតទៅ​លើ​ទី​ចំណត​យានយន្ត​ ដែល​ជា​ចំណុច​សំខាន់​មួយ​ ក្នុងចំណោម​ចំណុច​សំខាន់​ជាច្រើន​ទៀត​នៅក្នុង​តួ​អគារ​។ លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះតែ​ខុន​ដូ​ អា​ផា​តមិន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ឬជា​អគារ​សម្រាប់​បម្រើ​វិស័យ​ការិយាល័យ​នោះ​ទេ​ ទី​ចំណត​សម្រាប់​យានយន្ត​គ្រប់​ ជាចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​។

លោក​សាស្រ្តា​ចារ្យ​បន្ត​ទៀត​ថា​ “ជាទូទៅ​ទី​ចំណត​ គេ​តែង​សាងសង់​ប្រមាណ​ជា៦០​-៧០ភាគរយ​ ធៀប​ទៅ​នឹង​ចំនួន​យូនី​តសរុប​ ដោយមាន​ច្រកចេញ​-ចូល​ទូលាយ​ងាយស្រួល​បត់​ និង​មាន​សុវត្ថិភាព​ខ្ពស់​”។ លោក​បន្ត​ថា​ “ជួនកាល​គេ​អាច​សាងសង់​នៅ​ជាន់ក្រោយ​ដី​ ឬជាន់ផ្ទាល់ដី​ឡើងលើ​ជាដើម​ ដែល​វា​អាស្រ័យ​ទៅតាម​គម្រោង​ប្លង់​មេ​។ ជាទូទៅ​សម្រាប់​ទី​ចំណតរថយន្ត​មួយ​គ្រឿង​ គេ​ត្រូវការ​ទំហំ​ចាប់ពី​ ៣០​-៣៥​ ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​ផ្ទៃ​អគារ​របស់​អា​ផា​តម៉ិន​ ឬអគារ​ការិយាល័យ​គេ​ត្រូវ​គិត​ចន្លោះ​ពី៤០​-៥០ម៉ែត្រការ៉េ​”។

កាលពីដើម​ខែកក្កដា​នេះ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរ​អនុម័ត​បទបញ្ជា​សម្រាប់​កន្លែង​ចត​រថយន្ត​ឯកជន​ក្នុង​ខុន​ដូ​ដើម្បី​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្លើយតប​នឹង​ស្តង់ដារ​អន្តរជាតិ​។

បទប្បញ្ញត្តិ​នា​ពេល​បច្ចុប្បន្ន​សម្រាប់​អគារ​ខុន​ដូ​ដែល​ជា​អាគារ​សហកម្មសិទ្ធិ​បាន​បញ្ជាក់​ថា​តំបន់​ចត​រថយន្ត​នៃ​ការ​អភិវឌ្ឍ​ខុន​ដូ​ត្រូវតែ​ចែករំលែក​ក្នុងចំណោម​ម្ចាស់​ខុន​ដូ​។

យោង​តាម​អនុក្រឹត្យ​លេខ១២៦ស្តី​ពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចំណតរថយន្ត​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ចំណត​រួម​របស់​អ្នក​រស់នៅ​ក្នុង​អគារ​ប៉ុន្តែ​ផ្ទុយ​ពី​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​ដែល​ម្ចាស់​ខុន​ដូ​ត្រូវ​បាន​ផ្តល់​កន្លែង​ចត​ឡាន​ឯកជន​ក្នុង​អា​គរ​សហកម្ម​សិទ្ធ​។

របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ EuroCham​ នៅ​សប្តាហ៍​នេះ​បាន​ឲ្យដឹង​ថា ​“នេះ​ជា​ការ​មិន​ប្រក្រតី​ព្រោះ​ជា​ធម្មតា​នៅក្នុង​ការ​អភិវឌ្ឍ​ខុន​ដូ​នៅ​ទូទាំង​ពិភពលោក​នៅពេល​អ្នកទិញ​ទិញ​ខុន​ដូ​យូនី​តឯកជន​កន្លែង​ចត​រថយន្ត​ដែល​បាន​បម្រុងទុក​ត្រូវ​បាន​រួមបញ្ចូល​ក្នុង​ការ​លក់​សម្រាប់​ការប្រើ​ប្រាស់​ផ្តាច់​មុខ​របស់​ពួកគេ​”។

របាយការណ៍​ដដែល​បាន​បង្ហាញថា ​“នេះ​ធានា​ថា​អ្នកជួល​អាច​តែងតែ​ចត​យានយន្ត​របស់​ពួកគេ​នៅក្នុង​បរិវេណ​នៃ​ខុន​ដូ​របស់​ពួកគេ​បើ​មិន​ដូច្នេះ​ទេ​សេវា​អាគារ​អាច​ធ្វើឲ្យ​ពិបាក​ដល់​ម្ចាស់​សហកម្មសិទ្ធិ​ករ​នៅក្នុង​ការ​ចត​ផ្ទាល់​របស់​ពួកគេ​”។

ខណៈ​តំបន់​ខុន​ដូ​នៅ​ភ្នំពេញ​រីកចម្រើន​បទប្បញ្ញត្តិ​ប្រើប្រាស់​ជាទូទៅ​នឹង​ងាយ​ទទួលរង​ការរំលោភ​បំពាន​ពី​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ការ​អភិវឌ្ឍ​ហើយ​អាច​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​ខណៈ​រថយន្ត​ជាច្រើន​ត្រូវ​បាន​ហូរ​ចូលក្នុង​ភ្នំពេញ​។

របាយការណ៍​បន្ថែម​ថា​ “ប្រព័ន្ធ​ប្រើប្រាស់​ជាទូទៅ​សម្រាប់​ការ​ចត​ឡាន​នៅក្នុង​ខុន​ដូ​អាច​ទុកជា​ការរំលោភ​បំពាន​ដោយ​សហកម្មសិទ្ធិ​ករ​ដទៃទៀត​ដែល​អាច​ទាញ​យក​ប្រយោជន៍​ពី​ភាព​ស្មោះត្រង់​នៃ​ភាព​សាមញ្ញ​នេះ​ដែល​អាច​បង្កើន​ភាព​មិន​ពេញចិត្ត​របស់​សហ​ម្ចាស់​ផ្សេងទៀត​និង​អាច​នាំឲ្យមាន​បរិយាកាស​អរិភាព​សម្រាប់​អ្នកជួល​ទាំងអស់​”។

ទីបំផុត​ការ​កើតឡើង​នៃជ​ម្លោះ​ទាក់ទង​នឹង​ការ​ចត​នៅក្នុង​ការ​អភិវឌ្ឍ​អាច​មានផល​ប៉ះពាល់​អវិជ្ជមាន​ទៅលើ​ការ​លក់​ខុន​ដូ​។របាយការណ៍​បន្ត​ថា​“បញ្ហា​នេះ​គឺ​ជាក់ស្តែង​សម្រាប់​ភ្នំពេញ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការ​កើតឡើង​នៃ​ការ​កកស្ទះ​ចរាចរ​ដែល​អាច​នឹង​កាន់​ខ្លាំង​ទៅៗ​ខណៈ​ពេល​ដែល​ចំនួន​ប្រជាជន​និង​ភាព​សម្បូរ​បែប​របស់​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here