ចំណេះដឹង​! តើ​ពន្ធ​ និង​អាករ​លើ​ទំនិញ​នាំចូលនាំចេញ​ត្រូវ​គណនា​ដូចម្តេច​?

0

ដោយ វុត្ថា

ភ្នំ​ពេញៈ​ ការ​គណនា​គិ​តពន្ឋ​លើ​ការនាំចេញ​ ឬនាំចូល​ទំនិញ​ស្ថិតនៅ​ក្រោម​បទដ្ឋាន​ច្បាស់លាស់​មួយ​ ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​នានា​។

ពន្ធ​ និង​អាករ​លើ​ទំនិញ​នាំចូល​ នាំចេញ​ ត្រូវ​បាន​គណនា​តាមវិធី​សាស្ត្រ​ដូច​ខាងក្រោម​៖

ក. ចំពោះ​ទំនិញ​ទូទៅ​

ការ​គណនា​ប្រាក់​ពន្ធ​ អាករ​ ត្រូវ​គណនា​តាមលំដាប់​លំដោយ​ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល​ អាករ​ពិសេស​ (បើ​មាន​) និង​អាករ​លើ​តម្លៃបន្ថែម​។

• ​ពន្ធ​នាំចូល​ ​= តម្លៃ​គិត​ពន្ធគយ​ x អត្រាពន្ធ​នាំចូល​

• ​អាករ​ពិសេស​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​) x អត្រា​អាករ​ពិសេស​

• ​អាករ​លើ​តម្លៃបន្ថែម​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​) x ១០​% (ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​) ឬ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​ + អាករ​ពិសេស​) x ១០​% (ចំពោះ​ទំនិញ​ទូទៅ​)។

ប្រាក់​ពន្ធ​ និង​អាករ​សរុប​ = ពន្ធ​នាំចូល​ + អាករ​លើ​តម្លៃបន្ថែម​ (ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​)

ឬ = ពន្ធ​នាំចូល​ + អាករ​ពិសេស​ + អាករ​លើ​តម្លៃបន្ថែម​ (ចំពោះ​ទំនិញ​ទូទៅ​ជាប់​អាករ​ពិសេស​)

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ A នាំចូល​ស្រា​បៀរ​ចំនួន​ 20​ កេស​ ដែល​មានតម្លៃ​គិត​ពន្ធគយ​ស្មើ​ 4លាន​រៀល​។ តើ​ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន​ ?

ចម្លើយៈ​ ការនាំចូល​ស្រា​បៀរ​ ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា​ 35​% អាករ​ពិសេស​ 25​% និង​អាករ​លើ​តម្លៃបន្ថែម​

10​% ។ ការ​គណនា​ប្រាក់​ពន្ធ​ និង​អាករ​ មាន​ដូច​ខាងក្រោម​៖

• ​ពន្ធ​នាំចូល​ = 4,000,000​ x 35​% = 1,400,000រៀល​

• ​អាករ​ពិសេស​ ​= (4,000,000​ + 1,400,000​) x 25​% = 1,350,000រៀល​

• ​អាករ​លើ​តម្លៃបន្ថែម​ = (4,000,000​ + 1,400,000​ + 1,350,000​) x 10​%= 675,000​ រៀល​

ដូចនេះ​ ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ = 1,400,000​ + 1,350,000​ + 675,000​ = 3,425,000​ រៀល​។

ខ. ចំពោះ​ប្រេងសាំង​ឬម៉ាស៊ូត​

ការ​គណនា​ប្រាក់​ពន្ធ​ អាករ​ ត្រូវ​គណនា​តាមលំដាប់​លំដោយ​ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល​ អាករ​បន្ថែម​ អាករ​ពិសេស​ និង​អាករ​លើ​តម្លៃបន្ថែម​។

• ​ពន្ធ​នាំចូល​ = តម្លៃ​គិត​ពន្ធគយ​ x អត្រាពន្ធ​នាំចូល​

• ​អាករ​បន្ថែម​ ​= បរិមាណ​ (ចំនួន​លីត្រ​) x 0.02​$ x អត្រា​ប្តូរ​ប្រាក់​ (ចំពោះ​ប្រេងសាំង​)

ឬ = បរិមាណ​ (ចំនួន​លីត្រ​) x 0.04​$ x អត្រា​ប្តូរ​ប្រាក់​ (ចំពោះ​ប្រេងម៉ាស៊ូត​)

• ​អាករ​ពិសេស​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​ + អាករ​បន្ថែម​) x អត្រា​អាករ​ពិសេស​

• ​អាករ​លើ​តម្លៃបន្ថែម​ = (តម្លៃ​គិត​ពន្ធគយ​ + ពន្ធ​នាំចូល​ + អាករ​បន្ថែម​ + អាករ​ពិសេស​) x ១០​%

ប្រាក់​ពន្ធ​ និង​អាករ​សរុប​ = ពន្ធ​នាំចូល​ + អាករ​បន្ថែម​ + អាករ​ពិសេស​ + អាករ​លើ​តម្លៃបន្ថែម​

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ B នាំចូល​ប្រេងសាំង​ 100​ លីត្រ​ ដែល​មានតម្លៃ​គិត​ពន្ធគយ​ស្មើ​ 250,000រៀល​។ តើ​ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន​ ? ដោយ​ដឹង​ថា​ អត្រា​ប្តូរ​ប្រាក់​ 1$ = 4,000​ រៀល​។

ចម្លើយៈ​ ការនាំចូល​ប្រេងសាំង​ ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា​ 35​% អាករ​បន្ថែម​ 0.02​$ ក្នុង​ 1លីត្រ​ អាករ​ពិសេស​

33.33​% និង​អាករ​លើ​តម្លៃបន្ថែម​ 10​% ។ ការ​គណនា​ប្រាក់​ពន្ធ​ និង​អាករ​ មាន​ដូច​ខាងក្រោម​៖

• ​ពន្ធ​នាំចូល​ ​= 250,000​ x 35​% = 87,500រៀល​

• ​អាករ​បន្ថែម​ = 100​ x 0.02​ x 4000​ = 8,000​ រៀល​

• ​អាករ​ពិសេស​ ​= (250,000​ + 87,500​ + 8,000​) x 33.33​% = 115,155.15​ រៀល​

• ​អាករ​លើ​តម្លៃបន្ថែម​ = (250,000​ + 87,500​ + 8,000​ + 115,155.15​) x 10​% = 46,065.52​ រៀល​

ដូចនេះ​ ប្រាក់​ពន្ធ​ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ = 87,500​ + 8,000​ + 115,155.15​ + 46,065.52​ = 256​,721​ រៀល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here