ដោយ ម៉ៃ វីរៈ
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ (Cambodia Airway) គ្រោងបង្កើតជើងហោះហើរត្រង់ ទៅកាន់ទៅទីក្រុងវិនចូវ ប្រទេសចិន ស្របពេលចំនួនភ្ញៀវទេសចរជនជាតិចិនជាច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ កញ្ញាសុខ រ៉ាវីបានឱ្យដឹងនាថ្ងៃទី៩ កក្កដានេះថា ក្រុមហ៊ុនដាក់សំណើរទៅកាន់រាជរដ្ឋាភិបាលរួចអស់ហើយ នៅពេលទទួលបានការអនុម័ត ក្រុមហ៊ុនអាចចាប់ផ្ដើមបើកការហោះហើរនៅក្នុងអំឡុងពេលខែកក្តដា។កញ្ញាបន្តថា ក្រៅពីពង្រីកជើងហោះហើរទៅចិន ខេមបូឌា អ៊ែរវ៉េ ក៏គ្រោងបង្កើនគ្រោងជើង ហោះហើរត្រង់ទៅអូស្រ្តាលី រុស្ស៊ីសិង្ហបុរី និងវៀតណាមផងដែរ។
-->
ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរកម្ពុជាលោកស្រីឆាយ ស៊ីវលីន បានថ្លែងថា វាជាការល្អ ប្រសិនបើជាយើងអាចបង្កើតជើងហោះហើរ ទៅកាន់គោដៅផ្សេងៗ រឺក៏ប្រទេសផ្សេងៗឲ្យបានកាន់តែច្រើន ព្រោះវាក៏អាចជួយស្រូបទាញ់ភ្ញៀវទេសចរណ៍ ចូលមកកាន់កម្ពុជាបានកាន់តែច្រើនថែមទៀត។ លោកស្រីបន្តថា ក្នុងវិស័យទេសចរណ៍ដំបូងបំផុតគឺបង្កើតជើងហោះហើរអោយបានកាន់តែច្រើន ដែលកន្លងមកការស្រូបទាញភ្ញៀវទេសចរមកកាន់កម្ពុជាយើងចាញ់គេ គឺដោយសារជើងហោះហើរត្រង់មកកាន់ប្រទេសយើងនៅមានតិច។
លោកស្រីបនម្តថា “យើងមានតែជើងហោះហើរជិតៗប្រទេសយើង អត់មានហោះទៅឆ្ងាយ ដូចនេះហើយបានជាភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្ពុជាភាគច្រើនសុតតែភ្ញៀវសល់ពីគេ”។

ចំណែកលោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអ្នកនាំពាក្យបានថ្លែងថា វាជាការល្អ ហើយរាល់ថ្ងៃខាងអាកាសចរស៊ីវិញ បានខិតខំប្រឹងប្រែងទាក់ទាញ់អ្នកវិនិយោគ ដើម្បីបង្កើនជើងហោះហើរមកកម្ពុជា ឲ្យកាន់តែច្រើន ដើម្បីបង្កើតក្នុងការទាក់ភ្ញៀវទេសចមកកាន់ប្រទេសយើងបន្ថែមទៀត៕