កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាង​ ១លាន​នាក់​ក្នុងរយៈពេល​ ៥ខែ​ដំបូង​ក្នុង​ឆ្នាំនេះ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ភ្ញៀវ​ទេសចរ​ចិន​ជាង១​,១លាន​នាក់​ បាន​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​ ៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ កើនឡើង​៤០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​ដែល​បាន​ចេញ​នៅ​ថ្ងៃនេះ​។

របាយការណ៍​នេះ​បាន​បន្ត​ឲ្យដឹង​ថា​ ប្រទេស​ចិន​នៅតែ​ជា​ប្រភព​ភ្ញៀវ​ទេសចរណ៍​បរទេស​ច្រើនជាង​គេ​នៅ​កម្ពុជា​ ដែល​មាន​ចំនួន៣៨ភាគរយ​ នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​មក​កម្ពុជា​ក្នុង​អំឡុង​ខែមករា​ដល់​ខែឧសភា​ឆ្នាំនេះ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។លោក​បាន​បន្ត​ថា​ “យើង​សង្ឃឹមថានឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​ប្រហែល២​,៦លាន​នាក់​ក្នុង​ឆ្នាំ២០១៩​ ​និង​ចំនួន៣លាន​នាក់​នៅ​ឆ្នាំ​ ២០២០​ ហើយ​កើន​ដល់​ចំនួន៥លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​ និង​រហូតដល់៨លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​”។

យោង​តាម​របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន២​,៨៩​ លាន​នាក់​ បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​គឺ​កើនឡើង ១១​,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

វិស័យ​ទេសចរណ៍​គឺជា​ផ្នែក​មួយ​ ក្នុងចំណោម​វិស័យ​បួន​ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា​។

កាលពី​ឆ្នាំមុន​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន៦​,២លាន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចំនួន២លាន​នាក់​ផង​ ហើយ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន៤​,៣៥ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​វិស័យ​ទេសចរណ៍​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ វិស័យ​ទេសចរណ៍​បាន​រួមចំណែក១២​,៧ ភាគរយ​ដល់​ ផលិតផល​ក្នុង​ស្រុក​សរុប​កម្ពុជា​។

ប្រទេស​កម្ពុជា​មាន​ភាព​ល្បីល្បាញ​ ខាង​បេតិកភណ្ឌ​ពិភពលោក​បី​គឺ​ប្រាសាទអង្គរវត្ត​ ប្រាសាទព្រះវិហារ​ និង​តំបន់​ប្រាសាទ​សម្បូរ​ព្រៃ​គុក​។ ក្រៅពី​នេះ​កម្ពុជា​មាន​ឆ្នេរខ្សាច់​ស្រស់​ស្អាត​នៅ​ខេត្ត​ចំនួន​បួន​នៅ​ភាគ​និរតី​ ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​កែប​៕

ប្រភព​៖ Xinhua​

LEAVE A REPLY

Please enter your comment!
Please enter your name here