ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងសំណេររបស់អ្នកជំនាញ ផ្នែកបណ្តុះគំនិតភាពជាអ្នកដឹកនាំ និងភាពជាអ្នកជោគជ័យលើមុខជំនួញ លោកង៉ែត ជូបានលើកឡើងថា វាសនាមនុស្សមិនមែនកំណត់ដោយព្រហ្មលិខិត ពូជអំបូរ វណ្ណៈគ្រួសារ ឬជំនាញដែលខ្លួនមាននោះទេ។
ផ្ទុយទៅវិញវាកំណត់ដោយផ្នត់គំនិត និងសមត្ថភាពនៃការគិតរបស់មនុស្ស។មនុស្សនឹងមានវាសនាមិនសូវល្អ មិនរីកចម្រើននោះទេប្រសិនបើមានគំនិតសុញ។
ខាងក្រោមនេះជាចំណុចខុសគ្នា រវាងមនុស្សមានផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតសុញ ដែលត្រូវបានលោកលើកយកមកបង្ហាញលើចំណុចសំខាន់ៗមួយចំនួន ដូចជាទី១ ការសាកល្បងសមត្ថភាព: អ្នកមានផ្នត់គំនិតរីកចម្រើនចូលចិត្តជ្រើសរើស ឬសាកល្បងធ្វើរឿងថ្មីៗ ហើយយល់ថាអ្វីដែលពួកគេមិនមានសមត្ថភាពគឺពួកគេអាចរៀនបាន។ រីឯអ្នកមានផ្នត់គំនិតសុញវិញខ្លាចបរាជ័យ មិនហ៊ានសាកល្បងធ្វើនោះទេ ហេតុនេះហើយទើបពួកគេមិនទទួលបានភាពចម្រុងចម្រើនក្នុងជីវិត។
ទី២ ឧបសគ្គ: អ្នកមានផ្នត់គំនិតរីកចម្រើនចូលចិត្តតស៊ូ ក្រាញននាលជំនះរាល់ឧបសគ្គ។ រីឯអ្នកមានផ្នត់គំនិតសុញតែងបោះបង់ចោលការតស៊ូ នៅពេលជួបឧបសគ្គនានា។ ទី៣ កិច្ចខិតខំប្រឹងប្រែង: អ្នកមានផ្នត់គំនិតរីកចម្រើនយល់ឃើញថាកិច្ចខិតខំប្រឹងប្រែងជាមធ្យោបាយដែលអនុញ្ញាត ឱ្យរូបគេសម្រេចបានគោលដៅតាមសេចក្តីប្រាថ្នា។ រីឯអ្នកមានផ្នត់គំនិតសុញ មើលឃើញកិច្ចខិតខំប្រឹងប្រែងថា នឹងគ្មានលទ្ធផលនោះទេ ផ្ទុយទៅវិញអាចអោយគេខាតបង់ទៀតផង។
ទី៤ ការទិទៀន: អ្នកមានផ្នត់គំនិតរីកចម្រើនតែងតែរៀនកែលម្អពីគំនិតទិទៀនដើម្បីស្ថាបនា។ រីឯអ្នកមានផ្នត់គំនិតសុញតែងមើលរំលងនូវគំនិតទិទៀន ដើម្បីស្ថាបនា ហើយយល់ថាជាការវាយប្រហាគួរអោយអាម៉ាស់។ ទី៥ ភាពជោគជ័យរបស់អ្នកដទៃ: អ្នកមានផ្នត់គំនិតរីកចម្រើន តែងរិះគិតពីភាពជោគជ័យរបស់អ្នកដទៃ ដើម្បីបានជាគតិល្អៗ និងរៀនសូត្រតាម។ រីឯអ្នកមានផ្នត់គំនិតសុញតែងមើលឃើញ ការជោគជ័យរបស់អ្នកដទៃថាជាការប្រកួតប្រជែង និងជាការគំរាមកំហែងដល់ភាពរីកចម្រើនរបស់ខ្លួន។
ទាំងអស់នេះជាការលើកឡើងរបស់អ្នកជំនាញ ផ្នែកបណ្តុះគំនិតភាពជាអ្នកដឹកនាំ និងភាពជាអ្នកជោគជ័យ ដើម្បីជាការជួយជម្រុញ និងបង្កើនគំនិតដល់មនុស្សវ័យកណ្តាល ក៏ដូចជាយុវជនជំនាន់ក្រោយ ក្នុងការគិតពិចារណា ដើម្បីអភិវឌ្ឍខ្លួនឱ្យមានភាពរីកចម្រើន៕