ដោយ វុត្ថា
ភ្នំពេញៈ អត្រានៃក្រុមហ៊ុនដែលមិនបានចុះឈ្មោះក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់។ ក្នុងរយៈប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានកំពុងដោះស្រាយបញ្ហានេះដោយព្យាយាមកែលម្អដំណើការ នៃការចុះឈ្មោះក្រុមហ៊ុនឲ្យមានភាពងាយស្រួល និងចំណាយប្រាក់សេវាតិចជាងមុន។
មូលហេតុចំបងដែលអ្នកគួរតែចុះឈ្មោះក្រុមហ៊ុន គឺដើម្បីលុបបំបាត់ហានិភ័យនៃការបង់លុយ និងការផាកពិន័យចំពោះការមិនចុះឈ្មោះក្រុមហ៊ុន។ ការផាកពិន័យអាចជាការបង់លុយឬឈានដល់ការបិទអាជីវកម្មរបស់អ្នក។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះក្រុមហ៊ុន ដែលមានដូចជា៖
ទី១ បង្កភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ធនាគារ និងវិនិយោគិនមានភាពជឿជាក់ក្នុងការផ្តល់ហិរញ្ញប្បទាន ចំពោះក្រុមហ៊ុនដែលចុះឈ្មោះជាងក្រុមហ៊ុនដែលមិនបានចុះឈ្មោះ។
ទី២ សិទ្ធិចូលក្នុងទីផ្សារធំៗ៖ អ្នកអាចទទួលបានអតិថិជនច្រើន បង្កើតភាពជាដៃគូរជាមួយក្រុមហ៊ុនដទៃ និងពង្រីកអាជីវកម្មរបស់អ្នក។ ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនសហការ និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរណាដែលចុះឈ្មោះតែប៉ុណ្ណោះ។
ទី៣ ការគាំពារតាមផ្លូវច្បាប់៖ ប្រសិនបើអ្នកចុះឈ្មោះក្រុមហ៊ុនរបស់អ្នក អាជីវកម្មរបស់អ្នកនឹងទទួលការការពារ ហើយអ្នកនឹងមិនទទួលខុសត្រូវតែឯងឡើយ នៅពេលអាជីវកម្មរងការខូចខាត។
ទី៤ បង្កើនសក្តានុពលនៃការលក់ក្រុមហ៊ុន៖ ប្រសិនបើឬនៅពេលអ្នកសម្រេចចិត្តលក់ក្រុមហ៊ុនរបស់អ្នក ការចុះឈ្មោះក្រុមហ៊ុនអាចជួយសម្រួលនិតិវិធី នៃការលក់និងអាចជួយបង្កើនតម្លៃនៃក្រុមហ៊ុនរបស់អ្នក។ ទី៥ ការការពារឈ្មោះនិងយីហោ៖ ឈ្មោះនិងយីហោក្រុមហ៊ុនរបស់អ្នកនឹងត្រូវបានការពារ ប្រសិនបើក្រុមហ៊ុនរបស់អ្នកត្រូវបានចុះឈ្មោះរួច និងទី៦ការបង្កើតគណនេយ្យធនាគាររបស់ក្រុមហ៊ុន៖ ក្រុមហ៊ុនដែលចុះឈ្មោះមានភាពងាយស្រួលក្នុងការបំបែកហិរញ្ញវត្ថុក្រុមហ៊ុននិងផ្ទាល់ខ្លួន៕