ដោយ រ៉ាណេត
ព្រះសីហនុ៖ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការកែលំអរ និងជំរុញកំណើនវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរ ដោយបច្ចុប្បន្ននេះក្រៅពីតំបន់ឆ្នេរសំខាន់ៗដែលកំពុងមានភាពទាក់ទាញនោះ តំបន់កោះទាំង៣២ នៅក្នុងខេត្តទាំងមូលត្រូវបាន និងកំពុងអភិវឌ្ឍយ៉ាងសកម្ម ក្រោមការផ្តល់សិទ្ធិវិនិយោគទៅឱ្យក្រុមហ៊ុនឯកជន។

-->
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះក្រៅពីតំបន់ឆ្នេរសំខាន់ៗ ដែលកំពុងតែមានប្រជាប្រិយភាព ក្នុងការទាក់ទាញបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ តំបន់កោះនានាសរុបចំនួន៣២ នៅទូទាំងខេត្ត ត្រូវបាន និងកំពុងមានការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពទាក់ទាញ។
លោកបន្តទៀតថា “តំបន់កោះមួយចំនួនក្នុងចំណោមកោះទាំង៣២ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានក្លាយជាចំណាប់អារម្មណ៍របស់បណ្តាអ្នកទេសចរ ទាំងក្នុង និងក្រៅស្រុក”។ លោកបន្ថែមថា “បច្ចុប្បន្ននេះកោះដែលកំពុងមានប្រជាប្រិយភាពខ្លាំង រួមមានដូចជា កោះពស់ កោះរ៉ុង កោះឋានសួគ៌ កោះឫស្សី កោះក្របី កោះដែកគោល ជាដើម”។
លោកសុចិត្រគ្រឹះស្នាបានបន្តថា ដោយឡែកចំពោះកោះមួយចំនួនទៀត ដែលស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរក្រុង ក៏មានភាពទាក់ទាញ និងមានភ្ញៀវទេសចរទៅកម្សាន្តផងដែរ ប៉ុន្តែភាគច្រើនជាភ្ញៀវបរទេសប៉ែកអឺរ៉ុប។
នៅក្នុងចំណោមកោះទាំង៣២ ដែលស្ថិតនៅព័ទ្ធជុំវិញក្រុងព្រះសីហនុ ភាគច្រើនគឺសុទ្ធតែមានភាពទាក់ទាញ ព្រោះមានព្រៃភ្នំធម្មជាតិ ព្រមទាំងឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត ដែលកំពុងតែស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ក្រោមការវិនិយោគពីសំណាក់ក្រុមហ៊ុនឯកជន ដែលប្រគល់សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែចំពោះគម្រោងមួយចំនួនតូច ក៏ត្រូវបានរដ្ឋាភិបាលសម្រេចដកសិទ្ធិពីក្រុមហ៊ុនយកមកវិញ ដោយសារតែមិនមានសកម្មភាព។
នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេចរសរុបចំនួន ១,៣៤៧,០១៣នាក់ កើនឡើងប្រមាណ៣.២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកស្ថានភាពទូទៅនៃភ្ញៀវទេសចរ ដែលទៅសម្រាកកម្សាន្តនៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុមានសរុបចំនួន១៧៦,៣៩១នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួន៤៣,៦១០នាក់ ថយចុះ៣៣.៧៤ភាគរយ ហើយភ្ញៀវអន្តរជាតិមានចំនួន ១៣២,២៥០នាក់ ថយចុះប្រមាណ៧.២០ភាគរយ៕