ការវិនិយោគ​របស់​ជ​ប៉ុន​ផ្តោតលើ​មនុស្ស និង​បែបផែន​ជីវិត​សម័យថ្មី

0

ដោយ  រ៉ាវី

ភ្នំពេញ៖ ចំណេះដឹង បទពិសោធន៍ និង​ការដើរតាម​ដំណើរ​វិវត្តន៍​នៃ​សម័យកាល បានធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន ចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្តោតលើ​បែបផែន​ជីវិត​សម្រាប់​មនុស្ស​សម័យថ្មី។

បើ​គេ​សម្លឹងមើល​ពី​ឥរិយាបថ និង​ចំណូលចិត្ត​ក្នុងការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន ភាគច្រើន​គឺ​ចង់​រស់នៅក្នុង​លំនៅដ្ឋាន​តាម​ទម្លាប់​ចាស់ ដូចជា​លំនៅដ្ឋាន​សាងសង់​នៅជាប់​ដី មាន​ទីធ្លា​ទូលាយ មាន​រុក្ខជាតិ ដូចជា ដើម​ផ្កា ឬ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​ជាដើម ហើយ​មិនសូវ​ចាប់អារម្មណ៍​នឹង​សំណង់ខ្ពស់ៗដូចជា អា​ផាត​មិន និង​ខុន​ដូ​នោះឡើយ ។

ប៉ុន្តែ​ផ្នត់គំនិត​ទាំងអស់នេះ ត្រូវបាន​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍ និង​វិនិយោគ​ជប៉ុន ដែល​កំពុង​បោះទុន​វិនិយោគ​រហូតដល់​ជាង60លាន​ដុល្លារ ទៅលើ​ការសាងសង​អាគារ​ខុន​ដូរ​ដ៏​ប្រណីត​នៅ​កម្ពុជា Bodaiju Residencesបាន​អះអាងថា តាមរយៈ​ការវិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់រ​ប់​ក្រុមហ៊ុន​ជប៉ុន មិនយូរ​ទៀត​នោះទេ​ប្រជាជន​កម្ពុជា​សម័យថ្មី នឹង​បោះបង់ចោល​នូវ​ផ្នត់គំនិត​ចាស់ ហើយ​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ជីវិត​រស់នៅក្នុង​ខុន​ដូ ដែល​បង្ហាញ​ពី​ភាពទាន់សម័យ​ជាក់​ជាមិនខាន។

លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន​ជប៉ុន CREED ASIA (Cambodia) Co, Ltd ដែលជា​បុត្រ​សម្ព័ន្ធ​របស់ CREED GROUP បាន​ថ្លែង​ឱ្យដឹង​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ក្រុមហ៊ុន​របស់លោក​បាន​សហការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​TRIPLE GEM តាំងពី​ឆ្នាំ2012 និង​បានចាប់ផ្តើម​វិនិយោគ​ខុន​ដូ Bodaiju Residencesនៅ​ឆ្នាំ2013 ដែល​រហូត​មកទល់ពេលនេះ បាន​វិនិយោគ​លើ​គម្រោង​ខុន​ដូ និង​បុរី​មហា​សែន​សុខ ហើយ​បន្ទាប់ពី​បុរី​នេះ​ទទួលបាន​ជោគជ័យ ហើយ​ក្រុមហ៊ុន​ទាំង2បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​Hoosiers ដើម្បី​ចាប់ផ្តើម​គម្រោង​លំនៅដ្ឋាន​ថ្មី​មួយ​ឈ្មោះ ARATA ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី12ហិកតា។

លោក​បន្តថា “គម្រោង​ទាំង3នេះ បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ60លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ពេញនិយម​រស់នៅក្នុង​លំនៅដ្ឋាន​ដែល​នៅជាប់​នឹង​ដី។ លោក​បន្តថា “រយៈពេល10ឆ្នាំ​ខាងមុខ ខ្ញុំ​គិតថា​ប្រជាជន​កម្ពុជា​នឹង​ផ្លាស់ប្តូរ​ការគិត ហើយ​ពួកគេ​ចាប់ផ្តើម​រស់នៅ​ខុន​ដូ ដោយសារ​តម្លៃ​ដីធ្លី​នៅ​កណ្តាល​ក្រុង​ឡើងថ្លៃ​ខ្ពស់។

លោក TAKASHI Eguchi បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ប្រជាជន​នៅ​ទីក្រុង​បាងកក​ក៏​ដូចគ្នា ពួកគេ​ចង់បាន​លំនៅដ្ឋាន​ជាប់​នឹង​ដី ប៉ុន្តែ​ដោយសារ​ទីក្រុង​រីកចម្រើន តម្លៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់ ពួកគេ​បានចាប់ផ្តើម​រស់នៅ​តាម​ខុន​ដូ​វិញ។ នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ក៏​ដូចគ្នា ប្រជាជន​ប្រាថ្នា​រស់នៅ​ផ្ទះ​ជាប់​នឹង​ដី​ដូចគ្នា ប៉ុន្តែ​ដោយសារ​ដី​មានតម្លៃ​ថ្លៃ និង​ទីក្រុង​កាន់តែ​ចង្អៀត ពួកគេ​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here