អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួល​បានការ​ហើរ​ត្រង់​ថ្មី​មួយ​ពី​ខេត្ត​ហៃ​ណាន​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Hainan​ Airlines​ បាន​ផ្តើម​ការ​ហើរ​ត្រង់​ថ្មី​មួយ​រវាង​ទីក្រុង​ Haikou​ ខេត្ត​ហៃ​ណាន​ (Hainan​) និង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ស៊ិនហួរ​ បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

ជើងហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​ Hainan​ Airlines​ បាន​ចាកចេញ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Haikou​ នៅ​ម៉ោង៧​ និង២០នាទី​យប់​។ ម៉ោង​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ចន្ទ​ ជើងហោះហើរ​ដំបូង​នេះ​ គ្រោង​នឹង​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​នៅ​ម៉ោង៨​ និង២០នាទី​យប់​ ដែល​ដូច​ម៉ោង​ក្នុង​ស្រុកក្នុង​ថ្ងៃ​តែមួយ​។

ការហោះហើរ​ចំនួន​បី​ជើង​ ត្រូវ​បាន​កំណត់​ជា​រៀងរាល់​សប្តាហ៍​នៅ​ថ្ងៃច័ន្ទ​ ថ្ងៃពុធ​ និង​ថ្ងៃសុក្រ​។

ខេត្ត​ព្រះសីហនុ​ មាន​ឆ្នេរ​ល្បីល្បាញ​បំផុត​នៅ​កម្ពុជា​។ សេវាកម្ម​អាកាសចរណ៍​ថ្មីនេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ និង​វប្បធម៌​រវាង​ទីក្រុង​ទាំងពីរ​។

បច្ចុប្បន្ន​ ខេត្ត​ហៃ​ណា​នមានផ្លូវ​អាកាស​អន្តរជាតិ​ជាង៨០​ ហើយ​មាន​គោលបំណង​បង្កើន​ផ្លូវអាកាស​អន្តរជាតិ​ដល់១០០​ នៅ​ត្រឹម​ឆ្នាំ២០២០​។

នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩កន្លងទៅ​នេះ​ វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​របស់​កម្ពុជា​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ដោយ​ចំនួន​ជើងហោះហើរ​បាន​កើនឡើង១៥ភាគរយ​ ហើយ​ចំនួន​អ្នកធ្វើ​ដំណើរ​ក៏​មានការ​កើនឡើង២៥ភាគរយ​។ នេះ​បើ​យោង​តាម​ អ្នកនាំពាក្យ​ និង​ជារ​ដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា​។

ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន៤១៥១លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន២៦៣៨លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន១៥១៣លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (charter​ flight​)មាន​ចំនួន៧២៨លើក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​; ដោយ​បង្ហាញ​ពី​ភាព​សាទរ​ជាមួយនឹង​សិទ្ធ​ផល​ ដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ ទទួល​បាន​នៅពេល​នេះ​។

លោកស្រី​បាន​បញ្ជាក់​ថា​ “ពេលនេះ​កម្ពុជា​ កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​”។

លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​ហោះហើរ​ កាន់តែ​មាន​ភាព​ទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​ កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នកជំនាញ​អន្តរជាតិ​នានា​ ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​ទទួលយក​ផលប្រយោជន៍​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here