ដោយៈរ៉ាណេត
កំពតៈ ជារឿងគួរឱ្យរីករាយចំពោះខេត្តកំពត ដែលក្រៅពីមានភាពល្អប្រសើរទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរីកចម្រើនលើវិស័យសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់ដើមឆ្នាំ២០១៩ នៅត្រឹមរយៈពេល៦ខែ កំណើនភ្ញៀវទេសចរណ៍ដែលចូលទៅកម្សាន្តនៅក្នុងខេត្តមួយនេះ មានការកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
អាចនិយាយបានថា ជាលើកដំបូងរបស់ខេត្តកំពត ដែលទទួលបានកំណើនភ្ញៀវទេសចរយ៉ាងច្រើន រហូតដល់ជាង១លាននាក់នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩។
-->
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៦ កក្កដាកន្លងមកថា ចាប់តាំងពីដើមឆ្នាំ២០១៩ កំណើនភ្ញៀវទេសចរបានសម្រុកចូលមកកាន់ខេត្តកំពតយ៉ាងគំហុក។ ជាក់ស្ដែងនៅត្រឹមរយៈពេល៦ខែកន្លងទៅនេះ កំនើនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមតំបន់រម្មណីយដ្ឋានទូទាំងខេត្ត ក៏ដូចជាតំបន់ឆ្នេរ និងសមុទ្រ មានចំនួន១,០៩១,៣២០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩៧០៤៥នាក់ ហើយភ្ញៀវអន្តរជាតិមានចំនួន១១៣,២៧៥នាក់។
ចំនួនទាំងនេះកើនឡើងប្រមាន២៧.២៦ភាគរយ ដែលវាស្ទើរតែក្លាយជាប្រវត្តិសាស្ត្រមិនធ្លាប់មានសម្រាប់ខេត្តមួយនេះ។
កាលពីឆ្នាំ២០១៨ចំនួនភ្ញៀវទេសចរចូលមកកាន់ខេត្តកំពតមានប្រមាណត្រឹមតែ១,៦២៩,៥៣០នាក់ ដែលចំនួនទាំងនេះមានការកើនឡើងត្រឹមតែប្រមាណ ១.៨ភាគរយតែប៉ុណ្ណោះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧”។
លោកសយ ស៊ីណុលបានបន្តទៀតថា “អ្វីដែលកាន់តែភ្ញាក់ផ្អើល និងរីករាយនោះ គឺចាប់ពីដើមឆ្នាំ២០១៩រហូតមកនេះ កំណើនភ្ញៀវទេសចរបានសម្រុកចូលមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានាទូទាំងខេត្តកំពត បានកើនឡើងយ៉ាងគំហុករហូតដល់ជាង១លាននាក់ ហើយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ មានការកើនឡើងរហូតដល់២៧.២៦ភាគរយ”។
ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ខណៈដែលខេត្តមួយនេះមានភាពអំណោយផលពីធម្មជាតិ ដូចជាតំបន់មាត់សមុទ្រ តំបន់ឆ្នេរ តំបន់ព្រៃភ្នំ និងទឹកឈូរជាដើម ។ បន្ថែមពីនេះនៅក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតត្រូវបានក្រសួងទេសចរណ៍ និងអជ្ញាធរខេត្តបានរៀបចំលម្អនៅទូទាំងខេត្តដើម្បីប្រារព្វពិធីបុណ្យសមុទ្រជាលើកទី២សម្រាប់ខេត្តមួយនេះ៕