វិភាគ​សង្គម​៖ សំរាម​ និង​កិត្តិយស​ជាតិ​

0

ដោយ​ យិន​ លាង​គង់​ស្ថាបនិក​ និង​អគ្គនាយក​ Propertyarea.asia​

ភ្នំ​ពេញៈ​ “សំរាម​មិន​គួរឲ្យ​ស្អប់ ដូច​អ្នក​ចោលសំរាម​ទេ​”។ នេះ​ជា​ការ​លើកឡើង​របស់​លោក ​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ ដែល​បាន​ដាក់​ចេ​ញយុទ្ធនា​ការ​សំអាត​សំ​រាម​ឱ្យ​អស់ពី​ក្នុង​ខេត្ត​កាលពី​ថ្ងៃទី១៣​ កក្កដា​កន្លងមក​នេះ​។

មនុស្សជា​ច្រើន​បាន​ចូល​រួម​យុទ្ធ​នា​ការ​នេះ​ ហើយ​សំរាម​ត្រូវ​បាន​សំអាត​ចេញពី​ខេត្ត​នេះ​មួយ​រយៈ​ខ្លី​ ឬរយៈពេល​វែង​ វា​អាស្រ័យ​លើ​ផ្នត់គំនិត​របស់​ប្រជាជន​ និង​ការចូលរួម​របស់​ប្រជាជន​ ព្រោះ​យុទ្ធ​នា​ការ​មួយថ្ងៃ​ មិន​អាច​បញ្ចប់​វត្តមាន​សំរាម​នោះ​ទេ​ ដរាបណា​ក្នុង​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ពោរពេញ​ដោយ​សំរាម​នៅឡើយ​។

ជាមួយគ្នា​នេះ​កាលពី​ថ្ងៃទី១៦​ កក្កដា​កន្លងមក​នេះ​ កុង​ទី​ណ័​រដែ​លផ្ទុក​កាកសំណល់​ចំនួន ៨៣បាន​មកដល់​កំពង់ផែ​ ក្រុង​ព្រះសីហនុ​ ដែល​ត្រូវ​បាន​ឆែក​រក​ឃើញ​ដែល​ជាផ្នែក​មួយ​នៃ​ការ​ឃុបឃិត​នាំចូល​ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​របស់​មន្ត្រីជំនាញ​ ដែល​សម្បូរ​សំរាម​នៅក្នុង​គំនិត​ច្រើន​។

គេ​នៅចាំ​បាន​ថា​ កាលពី​ចុង​ទសវត្សរ៍​ទី៩០​ កាកសំណល់​គីមី​រាប់ពាន់​តោន​ ត្រូវ​បាន​ដឹក​យក​មក​ទម្លាក់​នៅ​តំបន់​មួយ​ក្បែរ​ ក្រុង​ព្រះសីហនុ​ ដែល​ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន​ និង​មនុស្សជា​ច្រើន​បាន​ឆ្លង​ជំងឺ​ និង​មានផល​ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ ឥឡូវ​ជំងឺ​នេះ​បាន​កើតមាន​ជាថ្មី​ លើ​លើ​មន្រ្តី​កំ​ពង់់​ផែ​ធំជាង​គេ​នៅ​កម្ពុជា​ម្តង​ទៀត​។

ឥរិយាបទ​

ប្រព័​ន្ឋ​គ្រប់គ្រង​សំរាម​ និង​កាកសំណល់​នានា​ បាន​រៀបចំ​នូវ​បទដ្ឋាន​ច្បាប់​គតិយុត្តិ​នានា​ជាច្រើន​មក​ហើយ​ ប៉ុន្តែ​ការអនុវត្ត​ន៍​នៅ​មានកម្រិត​ឡើយ​ ខណៈ​សំរាម​បាន​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ ដោយ​គ្រាន់តែ​រាជធានី​ភ្នំពេញ​មាន​សំរាម​ប្រមាណ ៣០០០​តោន​ និង​ខេត្ត​ព្រះសីហនុ​ មាន​សំរាម​រហូតដល់ ៧០០តោន​ក្នុង​មួយថ្ងៃ​។ នេះ​មិន​ទាន់់​គិតដល់​បណ្តា​ខេត្ត​ដទៃ​ទៀត​នៅឡើយ​ទេ​។

ការយល់​ដឹង​ជា​រឿង​មួយ​ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​ជា​រឿង​លំបាក​ ហេតុនេះ​ការអនុវត្ត​ន៍​ច្បាប់​ឲ្យបាន​តឹងរ៉ឹង​ ចំពោះ​អ្នក​ចោលសំរាម​ពាសវាលពាសកាល​ នឹងអាច​កាត់បន្ថយ​បញ្ហា​នេះ​ ជាមួយនឹង​បទដ្ឋាន​គតិយុត្តិ​នានា​ ដែល​បាន​ដាក់ចេញ​ ប៉ុន្តែ​ការអនុវត្ត​ន៍​នៅ​មានកម្រិត​ពី​មន្រ្តី​ជំនាញ​ និង​ស្ថាប័ន​ពាក់​ព័ន្ឋ។

ជា​ធម្មជាតិ​មនុស្ស​ភាគច្រើន​ មិន​ចង់​ផ្លាស់​ប្តូរ​ទេ​ ប៉ុន្តែ​ពួកគេ​នឹង​ផ្លាស់​ប្តូរ​នៅពេល​ពួកគេ​ស្ថិត​ក្រោម​សំណាញ់​ច្បាប់​ ព្រោះ​ច្បាប់​បង្កើត​មក​ដើម្បីឲ្យ​មនុស្ស​ដើរតាម​ និង​គោរព​ ហើយ​បើ​ពួកគេ​មិន​គោរព​ “ច្បាប់​ត្រូវ​ចាប់បង្ខំ​ឲ្យ​គោរព​”។

ជា​រឿង​អសោច​មួយ​

ការ​មិន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ ការ​មិន​ស្វែង​យល់់​ និង​ការ​មិន​អើពើ​ពីសំណាក់​ពលរដ្ឋខ្មែរ​ ដែល​មិន​បើក​ចិត្ត​រៀនសូត្រ​ មិន​បើកភ្នែក​សង្កេត​ និង​ចាំតែ​រិះគន់​បាន​ក្លាយជា​រឿង​គួរឲ្យ​អស់សំណើច​ផង​ និង​គួរឲ្យ​អាម៉ាស់​ផង​។

ជាក់ស្តែង​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ បាន​ចាកចេញ​ដើរ​កំសាន្ត​នៅ​ក្រៅប្រទេស​ជាង ១លាន​នាក់​។ ពួកគេ​ឃើញ​ប្រទេស​គេ​ស្អាត​ សរសើរ​ប្រទេស​គេ​ និង​គោរពច្បាប់​របស់​ប្រទេស​គេ​។ ពួកគេ​ថតរូប​សែល​ហ្វី​ ថត​រូប​ផ្សេង​ៗពី​ទិដ្ឋភាព​រីកចម្រើន​ប្រទេស​របស់​គេ​ យក​មក​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ដើម្បី​បង្ហាញ​ពី​ឧត្តមភាព​របស់​ខ្លួន​ ប៉ុន្តែ​ពេល​ពួកគេ​ត្រលប់​មក​ស្រុក​វិញ​ ពួកគេ​រិះគន់​ប្រទេស​របស់​ខ្លួន​មិន​ស្អាត​ ពួកគេ​បង្អាប់​ប្រទេស​របស់​ខ្លួន​ ខណៈ​ដែល​ពួកគេ​មិនបាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​ខ្លួន​នោះ​ទេ​។

រឿង​គួរឲ្យ​ហួសចិត្ត​និង​ពិចារណា​មួយ​ ដែល​ទាមទារ​ឲ្យ​យើង​គិត​ទាំងអស់គ្នា​ដោយមាន​ករណី​ចំនួន​ពីរ​បាន​កើតឡើង​នៅ​ក្រៅប្រទេស​ ទី១​ នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ​ មាន​កាសែត​ថៃ​មួយ​ឈ្មោះ​ The​ Nation ​បាន​សរសេរ​ពី​ការ​កើនឡើង​នូវ​សំរាម​ នា​តំបន់​សុ​ឃុម​វិត​ កន្លែង​ដែល​លក់ទំនិញ​បោះ​ដុំ​នៅ​ប្រទេស​ថៃ​ និង​ជា​កន្លែង​ដែល​ប្រជាជន​ខ្មែរ​ទៅ​លក់​ និង​ទិញទំនិញ​នៅ​តំបន់​នោះ​ច្រើន​។

កាសែត​នោះ​សរសេរ​ក្នុង​ន័យ​បង្អាប់​ ឬមិន​បង្អាប់​ អាស្រ័យ​លើ​ការពិចារណា​របស់​លោក​ អ្នក​ ពួកគេ​សរសេរ​ថា​ “ការ​កើន​ឡើង​នូវ​សំរាម​ និង​ថង់​ផ្លា​ស្ទិ​កនៅ​តំបន់​សុ​ឃុម​វិត​ ដោយសារ​ការ​កើនឡើង​របស់​ប្រជាជន​ខ្មែរ​ទៅ​លក់ទំនិញ​ នៅ​តំបន់​នេះ​”។

ទោះបីជា​ចេតនា​បង្អាប់​ដល់​ជាតិសាសន៍​ខ្មែរ​ ឬពួកគេ​សរសេរ​ឈរ​លើ​ការពិត​ ក៏​ជា​អ្វី​ដែល​យើង​គួរ​ពិចារណា​ផង​ដែរ​។

ទី២​ កំ​ឡុ​ងយុទ្ឋ​នា​ការឃោសនា​បោះឆ្នោត​ អាណត្តិ​ទី៦កន្លង​មក​ថ្មី​ៗនេះ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងការងារ​បាន​រៀប​ចំ​យុទ្ឋ​នា​ការ​មួយ​ ដោយមាន​ការចូលរួម​ពី​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​រាប់ពាន់​នាក់​។

រឿង​ដែល​កាសែត​កូរ៉េ​ចុះផ្សាយ​ មិនបាន​លើក​សរសើរ​ពី​យុវជន​កម្ពុជា​កាន់តែ​ច្រើន​ ចាប់អារម្មណ៍​រឿង​នយោបាយ​នោះ​ទេ​ ប៉ុន្តែ​កាសែត​នោះ ​(មិន​ចាំ​ឈ្មោះ​) បាន​សរសេរ​ពី​ការ​បោះចោល​សំរាម​របស់​យុវជន​ខ្មែរ​ នៅ​កន្លែង​ប្រា​រព​ពិធី​នោះ​ ដែល​ជា​ការរិះគន់​និង​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ជាតិ​។

សំណួរ​នៅ​ទីនេះ​សួរ​ថា​ តើ​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​សំរាម​ ក្លាយជា​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ឬ?បាន​ជាពួក​គេ​មិន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ បាន​ជាពួក​គេ​បន្ត​បោះចោល​សំរាម​ពាសវាលពាសកាល​ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ តែ​ពង្រាយ​ដល់​ប្រទេស​គេ​ទៀត​?។

ការ​រុញ​ដាក់គ្នា​ និង​មិន​ទទួលខុសត្រូវ​

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​នូវ​បទដ្ឋាន​គតិយុត្តិ​មួយចំនួន​ ដោយ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ឋទាំង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ធ្វើការងារ​រួមគ្នា​ ដើម្បី​លើក​កំពស់​បរិស្ថាន​ និង​លុបបំបាត់​ការ​បោះចោល​សំរាម​ពាសវាលពាសកាល​។

ជាល​ទ្ឋ​ផល​ក្រសួងទេសចរណ៍​ បាន​ដាក់​ចេ​ញនូ​វយុទ្ឋ​នា​ការ​ចំនួន៣​ ដូចជា​ ចលនា​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវាកម្ម​ ពានរង្វាន់​សម្តេច​តេជោ​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។ យុទ្ឋ​នា​ការ​នេះ​មាន​គល​ដៅ​លើក​កំពស់​បរិស្ថាន​ លុបបំបាត់​ការ​ចោលសំរាម​ពាសវាលពាសកាល​ នៅក្នុង​ប្រទេស​ ដើម្បី​បង្កើត​សោភ័ណភាព​ អនាម័យ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​។

សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរណ៍​ ដែល​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​លើកឡើង​ជា​រឿយ​ៗ ដោយ​មាន​​ការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ ហើយ​លោក​តែងតែមាន​ប្រសាសន៍​ថា​ “យើង​ត្រូវតែ​រួមគ្នា​គិត​ រួមគ្នា​ធ្វើ​ និង​រួមគ្នា​ទទួល​ខុសត្រូវ​ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​”។

ជាមួយគ្នា​នេះ​ ក្រសួង​ដែល​មានសមត្ថកិច្ច​ធ្វើការងារ​នេះ​ផ្ទាល់​ បាន​រុញ​ការងារ​នេះ​ចេញពី​ការទទួលខុសត្រូវ​របស់​ខ្លួន​ ដោយសារ​បញ្ហាសំរាម​ជា​រឿង​ឈឺក្បាល​ និង​មិន​មានផល​ប្រយោជន៍​ឬយ៉ាងណា​?។

ទាមទារ​ការចូលរួម​

ក្រៅ​ពី​យុទ្ឋ​នា​ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ និ​ងយុទ្ឋ​នា​ការ​ដទៃទៀត​ ក្រុម​យុវជន​នៃ​សហភាព​សហ​ព័ន្ឋយុវជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ហ៊ុន​ ម៉ា​នី​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នានា​ និង​ក្លឹប​អ្នកជំនួញ​មួយចំនួន​ ដើម្បី​បើ​កយុទ្ឋ​នា​ការ​សំអាត​សំរាម​តាមរយៈ​ពាក្យស្លោក​ “សំរាម​មិន​ធ្លាក់​ដល់​ដី​ ភ្នំពេញ​កាន់តែ​ប្រពៃ​”ផង​ដែរ​។

យុទ្ឋ​នា​ការដែល​ផ្តើម​ឡើង​ដោយ​យុវជន​ ដែល​ជា​អំណាច​នៃ​បណ្តុំ​ថាមពល​នៃ​ផ្នត់គំនិត​មួយ​ជា​រឿង​ដ៏​ប្រពៃ​ ប៉ុន្តែ​ការ​កំចាត់​សំរាម​អស់ពី​ប្រទេស​ ទាមទារ​ឲ្យ​មាន​បទដ្ឋាន​ច្បាប់​ គតិយុត្តិ​មួយ​ច្បាស់លាស់​ជាង​នេះ​ ម៉ត់ចត់​ជាង​នេះ​ និង​មាន​ភាព​តឹងរ៉ឹង​ជាង​នេះ​ ព្រោះ​ បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ មិន​អាច​កំចាត់​សំរាម​អស់នោះ​ទេ​ ហើយ​មន្រ្តី​រដ្ឋាភិបាល​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​បើ​កយុទ្ឋ​នា​ការ​ប្រមូល​សំរាម​ ក៏​មិន​អាច​ធ្វើការងារ​នេះ​រាល់ថ្ងៃ​បាន​នោះ​ដែរ​។

ប្រសិនជា​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ ពី​ប្រព័​ន្ឋ​អប់រំ​មួយ​ ពី​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ទេ​ សំរាម​នឹង​មិន​អស់​នៅ​ស្រុកខ្មែរ​នោះ​ទេ​។

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ គួរ​ជា​អ្នកដើរតួ​នាទី​មុនគេ​ ក្នុង​ការ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ និង​ចាប់ផ្តើម​នូវ​ផ្នត់គំនិត​ថ្មី​។

ជាមួយគ្នា​នេះ​ស្ថាប័ន​ពាក់​ព័ន្ឋទាំង​ថ្នាក់​ជាតិ​ ថ្នាក់ក្រោម​ជាតិ​ គួរ​ដាក់​ចេ​ញយុទ្ឋ​នា​ការ​ជាប្រចាំ​ទាំង​ការអប់រំ​តាម​ប្រព័​ន្ឋ​ផ្សព្វផ្សាយ​ និង​ការអប់រំ​ផ្ទាល់​តាមរយៈ​កម្មវិធី​បុណ្យ​ជា​តិ​ធំៗ​ ដូចជា​ពិធីបុណ្យ​អុំទូក​ អកអំបុក​និង​សំពះព្រះខែ​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​រាប់​លាន​នាក់​។ វា​ជា​ឱកាស​ល្អ​បំផុត​ ដែល​អាជ្ញាធរ​គួរ​បញ្រ្ជាប​កា​រយ​លល់​ដឹងពី​រឿង​នេះ​ នៅក្នុង​ឳកាស​ដ៏​ល្អ​បែបនេះ​។

តួនាទី​ពុទ្ឋសាសនា​ក៏​រឹតតែ​សំខាន់​ ហើយ​សា​វៈ​ក្នុង​សាសនា​នេះ​ក៏​គួរ​ចូលរួម​ផង​ដែរ​ តាមរយៈ​ការ​ទេសនា​នានា​ ព្រះសង្ឃ​គួរ​បញ្ចូល​នូវ​ការអប់រំ​ ទាក់ទង​នឹង​ការ​បោះចោល​សំរាម​ ដែល​នាំ​អោយ​មានអំពើ​បាប​ ដែល​នាំឲ្យ​ជាតិសាសន៍​អាប់​ឳន​ ជាជាង​និយាយ​តែ​ពី​ជាតិមុន​ និង​ជាតិក្រោយ​ ឋានសួគ៌​និង​ឋាននរក​ ឬនិយាយ​តែ​ពី​រឿង​លើមេឃ​ឬក្រោម​ដី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here