ដោយ វុត្ថា
ភ្នំពេញៈ អ្នកដែលជាប់បន្ទុកបង់ពន្ធ គឺរូបវន្តបុគ្គលឬនីតិបុគ្គល ដែលជាម្ចាស់កម្មសិទ្ធិ ឬជាអ្នកដែលកាន់កាប់អចលនទ្រព្យ ឬអ្នកដែលទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ (អ្នកទទួលសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយ)។
ពន្ធអចលនទ្រព្យនេះ ត្រូវបង់នៅតាមសាខាពន្ធដារខេត្ត ឬសាខាពន្ធដារខណ្ឌ (នៅរាជធានីភ្នំពេញ) ដែលអចលនទ្រព្យ ស្ថិតនៅឬបង់តាមប្រព័ន្ធធនាគារ។ ពន្ធនេះត្រូវបង់យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ។ អ្នកជាប់បន្ទុកបង់ពន្ធ ត្រូវដាក់លិខិតប្រកាសពន្ធ និងធ្វើការគណនា ប្រាក់ពន្ធដោយខ្លួនឯង។
ជារៀងរាល់ឆ្នាំ ម្ចាស់អចលនទ្រព្យគឺមានកាតព្វកិច្ចបង់ពន្ធ លើអចលនទ្រព្យរបស់ខ្លួន។ តាមច្បាប់ម្ចាស់អចលនទ្រព្យត្រូវមកដាក់លិខិតប្រកាសបង់ពន្ធ នៅរដ្ឋបាលសារពើពន្ធ ក៏ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែលម្អនៃការបង់ពន្ធនេះ ជាលំដាប់លំដោយ ហើយកន្លងទៅអគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាតឲ្យម្ចាស់អចលនទ្រព្យមានឱកាសទៅបង់ពន្ធនៅធនាគារ ដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជា ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ Roya។
ក៏ប៉ុន្ដែប្រសិនបើជាការចុះបញ្ជីដំបូង ម្ចាស់អចលនទ្រព្យត្រូវមកធ្វើការចុះបញ្ជីសារពើពន្ធនៅក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យរបស់ពួកគាត់ស្ថិតនៅ មានន័យថា ដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋនៅខណ្ឌណា ពួកគាត់ត្រូវមកចុះបញ្ជីសារពើពន្ធនៅសាខាអគ្គនាយកដ្ឋានពន្ធដារស្ថិតនៅនោះ ហើយបន្ទាប់ពីមានទិន្នន័យក្នុងបញ្ជីហើយ ពួកគាត់អាចទៅបង់ពន្ធនៅធនាគារ ដែលបានរៀបរាប់ខាងលើណាមួយក៏បាន ព្រោះមានគល់បញ្ជីស្រាប់៕