ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រែក្លាយតំបន់នៅសងខាងផ្លូវជាតិលេខ៤ជាតំបន់ឧស្សាហកម្មចាប់ពីរាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា ផែនការយុទ្ធសាស្ត្រដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍតំបន់ខាងលើនេះ មិនមែនទើបមាននោះទេ គំរោងនេះបានស្ថិតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលបានអនុម័តដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១៥។
-->
លោកឧកញ៉ាបានបន្តទៀតថា “ផែនការនេះ ត្រូវបានដាក់ចេញតាំងពីឆ្នាំ២០១៥ ប៉ុន្តែការអនុវត្តត្រូវបានធ្វើឡើងជាជំហាន និងតាមដំណាក់កាល”។
ក្រោមការអនុវត្តទៅតាមផែនការមេ ជាលទ្ធផលនៅពេលបច្ចុប្បន្ននេះ តំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាពិសេសស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បាន និងកំពុងប្រែក្លាយទីតាំងមួយចំនួន ដែលធ្លាប់តែមានសភាពវាលរហោស្ថាននោះ ទៅជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្មរួចទៅហើយ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ទៀតថា “ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រៀបបានទៅនឹងឃ្នាស់សម្រាប់គាស់ និងជំរុញបន្ថែមក្នុងវិស័យពាណិជ្ជកម្ម តាមរយៈការអូសទាញបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិឱ្យចូលមកកាន់កម្ពុជាក្នុងភាពជាដៃគូ”។លោកបន្តថា “ជាក់ស្ដែងពេលនេះ យើងឃើញមានវិនិយោគិនជាច្រើនបានចូលមកកាន់កម្ពុជា ដូចជាវិស័យកាត់ដេរ វិស័យឧស្សាហកម្ម គ្រឿងអេឡិចត្រូនិក និងគ្រឿងបរិក្ខាអគ្គិសនី ក៏ដូចជាវិស័យកសិឧស្សាហកម្ម រួមមានរោងចក្រសម្ងួតផ្លែឈើជាដើម”។
លោកបញ្ជាក់ថា រូបភាពនៃការវិនិយោគទាំងអស់នេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ដែលវានឹងនៅតែបន្តភាពរីកចម្រើនបន្ថែមទៀត។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះមានលំហូរទុនចូលវិនិយោគនៅក្នុងខេត្ត មិនក្រោម៣ពាន់លានដុល្លារនោះទេ។ បច្ចុប្បន្ននេះមានរោងចក្រ និងក្រុមហ៊ុនធំជាច្រើនបាន និងកំពុងដំណើរការនៅក្នុងខេត្ត ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង រោងចក្រកាបូប រោងចក្រផលិតផតសម្ភារៈសំណង់ គ្រឿងអេឡិចត្រូនិច និងរោងចក្រសម្ងួតផ្លែឈើជាដើម។
លោកបានបន្តទៀតថា ក្រៅពីនេះនៅមានគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលកម្សាន្តលំដាប់ពិភពលោកដែលមានតម្លៃ ៥០០លានដុល្លារ រួមជាមួយនឹងគម្រោងសាងសង់សំណង់ខុនដូផងដែរ ហើយនៅថ្ងៃខាងមុខនេះនឹងមានក្រុមហ៊ុនជាច្រើនទៀត មកពីសហរដ្ឋអាមេរិកចូលមកកាន់ខេត្តកំពង់ស្ពឺបន្ថែមទៀត។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺពិតជាមានភាពល្អប្រសើរក្នុងការជំរុញ និងចាក់បញ្ចូលបន្ថែមនូវកំណើនសេដ្ឋកិច្ច តាមរយៈការជួយសម្រួល និងពង្រីកទំហំពាណិជ្ជកម្ម។
លោកបានបន្តទៀតថា “មិនមែនមានតែកម្ពុជានោះទេ ដែលផ្តោតសំខាន់ទៅលើការសម្រួលនៅតាមបណ្តាញផ្លូវ ឆ្ពោះទៅកាន់តំបន់សមុទ្រដែលមានកំពង់ផែទឹកជ្រៅសម្រាប់បម្រើការដឹកជញ្ជូនលើកដាក់នោះ”។ លោកបន្តថា “សូម្បីតែប្រទេសសាំងហ្គាពួរ ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងរួចទៅហើយ ក៏ពឹងផ្អែកមួយចំណែកធំទៅលើកំពង់ផែលើកដាក់នេះដែរ”។
លោបណ្ឌិតហុង វណ្ណៈ បានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះកម្ពុជាត្រូវតែប្រឹងប្រែងបង្កើនសមត្ថភាព និងផ្តល់ភាពងាយស្រួលដល់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងបាន ជាពិសេសប្រទេសវៀតណាម ដែលគេក៏ពង្រឹងវិស័យដឹងជញ្ជូនតាមកំពង់ផែទឹកជ្រៅនេះដែរ ដែលប្រព័ន្ឋនៃការលើកដាក់និងនិតិវិធីនៃការនាំចេញ ក៏មិនមានលលក្ខណៈស្មុគ្រស្មាញនោះទេ ដោយសាររដ្ឋាភិបាលរៀតណាមបានកាត់បន្ថយការិយាធិបតេត្យ ហើយលក្ខខ័ណ្ឌភូមិសាស្រ្តមានភាពងាយស្រួល ដោយមានចម្ងាយជិត បើគិតពីក្រុងបាវិតឆ្ពោះទៅកាន់កំពង់ផែដែលស្ថិតនៅ សៃហ្គន។

លោកបានបញ្ជាក់ថា“ការប្រែក្លាយតំបន់ផ្លូវជាតិលេខ៤ ឱ្យក្លាយទៅជាតំបន់ឧស្សាហកម្ម ក្រៅពីអាចផ្តល់ភាពងាយស្រួលនៅក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូន វាក៏ចូលរួមបម្រើដល់វិស័យទេសចរណ៍បានមួយចំណែកផងដែរ”។ លោកបន្តថា “ក្រៅពីផ្លូវជាតិ៤ ផ្លូវជាតិលេខ៣ និងខេត្តពោធិ៍សាត់ ដែលមានផ្លូវចាក់ទៅកាន់ផ្លូវជាតិលេខ៤ ក៏គួរតែមានការអភិវឌ្ឍដែលអាចបម្រើដល់វិស័យដឹកជញ្ជូនផងដែរ” ៕